ចែកសម្ភារៈសិក្សា ដើម្បីលើកកម្ពស់ការអប់រំ និងទប់ស្កាត់ពលកម្មកុមារ នៅក្នុងសិប្បកម្មផលិតឥដ្ឋ ស្រុកសូទ្រនិគម
(សៀមរាប) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំកម្មវិធីចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សា ដល់កុមារដែលជាគោលដៅ នៃគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៥ ។
លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងជំរុញកិច្ចការពារកុមារ និងទប់ស្កាត់ពលកម្មកុមារ ជាពិសេសក្នុងវិស័យផលិតឥដ្ឋ ។ ការចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈសិក្សា គឺដើម្បីជួយកុមារទាំងអស់ចូលរៀន និងលើកកម្ពស់ភាពស្មោះត្រង់ក្នុងការអប់រំ។
លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប បានអំពាវនាវឱ្យសហគមន៍ទាំងមូល មានការចូលរួមដើម្បីទប់ស្កាត់ពលកម្មកុមារ ដោយជំរុញឱ្យកុមារបន្តការសិក្សា និងបញ្ឈប់ការប្រើប្រាស់កុមារជាប្រភេទពលកម្ម ។
កុមារដែលបានទទួលសម្ភារៈសិក្សា និងសម្ភារៈចាំបាច់ដល់ការរៀនសូត្រ មានចំនួនសរុប ៦០នាក់។ ក្នុងចំណោមនេះ ៤០នាក់ស្ថិតនៅសាលាបឋមសិក្សាវត្តសីលា និង ២០នាក់ស្ថិតនៅសាលាបឋមសិក្សាកណ្តឹង ៕
ដោយ ៖ ប៊ុនរដ្ឋា










