អភិបាលខេត្តកំពង់ចាម ៖ ចលនាប្រលងប្រណាំង គឺដើម្បីជំរុញដល់ការ​អនុវត្ត​គោលនយោបាយ របស់រាជរដ្ឋាភិបាល

អត្ថបទដោយ៖
លី ពៅ

(ខេត្តកំពង់ចាម)៖ ចលនាប្រលងប្រណាំង ជាផ្នែកមួយ នៃការបំពេញឱ្យគ្នា​ទៅ​វិញ​ទៅមក គឺបំពេញដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលផង គោលនយោបាយរបស់ក្រសួងមហាផ្ទៃផង និងដល់អគ្គស្នងការនគរបាលជាតិផង ដើម្បីឱ្យគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើក​ឡើងបែបនេះ ក្នុងកិច្ចប្រជុំវាយតម្លៃ ការអនុវត្តគោល​នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមប្រចាំឆ្នាំ និងលើកទិសដៅអនុវត្តបន្ត​របស់រដ្ឋបាលខេត្ត ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យទៅលើការដាក់ពិន្ទុ ចំពោះចលនា​ប្រលងប្រណាំង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេវាសង្គមក្នុង​ខេត្តកំពង់ចាម ដើម្បីកំណត់នូវ ឃុំ សង្កាត់ ដែលត្រូវបានជ័យលាភី ក៏ដូចជា ការរៀបចំនូវយុទ្ធសាស្រ្តក្នុងការអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ ។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា «លទ្ធផល នៃការវាយតម្លៃ ចលនាការអនុវត្ត​គោល​នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម សម្រាប់​រដ្ឋបាលឃុំ សង្កាត់ នឹងប្រកាសនៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃខាងមុខនេះ» ៕

ដោយ ៖ លី ពៅ

ads banner