កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តសកម្មភាពចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់
(ខេត្តកំពង់ឆ្នាំង)៖ យោងតាមបទបញ្ជា របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ សកម្មភាពការងាររបស់កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបែងចែកជា ៣ក្រុម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ។
ក្រុមទី១៖ បានសហការណ៍ជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទភូមិថ្មី ដឹកនាំដោយ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងកម្លាំងចូលរួមសរុបចំនួន ១២នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ៣គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយឧបករណ៍ របាំងលូសាច់អួន និងរបាំងលូស្បៃមុង នៅចំណុចកោះបរាជនិងចំណុចព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល។
ក្រុមទី២៖ សង្កាត់រដ្ឋបាលជលផលជលគិរី កម្លាំងចំនួន ០៣នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន ០១គ្រឿង ដឹកនាំដោយលោក រៀល សុខុម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទសម្រាស់នៅចំណុចមាត់ទន្លេស្ដីដកគង ភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
និងក្រុមទី៣ ៖ សហការជាមួយអាជ្ញាធរឃុំស្វាយជ្រុំ និង ប៉ុស្តិ៍នរគបាលរដ្ឋបាលស្វាយជ្រុំដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែកជលផលកំពង់ប្រាសាទកម្លាំងសរុបចំនួន ០៩នាក់ និងមធ្យោបាយកាណូតចំនួន ០២គ្រឿងបានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលបានប្រើសម្រាស់រួមផ្សំកំប្លោកខុសនឹងច្បាប់ស្តីពីជលផលនៅចំណុចព្រែកក្រពើពុល និងប្រលិចក្អែកស្ថិតនៅក្នុង ភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្រោយពីសមត្ថកិច្ចយើងចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែងនិងធ្វើការរុះរើ បំផ្លាញ់ចោលឧបករណ៍នេសាទខុសច្បាប់នូវនឹងកន្លែងចំនួន៤ ករណីក្នុងនោះ រួមមាន៖ -សម្រាស់ ០២ករណី ស្មើនឹង ១៤កន្លែង ទំហ ៤៣០០ម៉ែត្រការ៉េ មែកសម្រាស់ ៧៣០មែក បង្គោល ១៣៧ដើម ខ្សែចំណង ១៥០ម៉ែត្រ និងរបាំងសាច់អួន ០១ករណី ស្មើនឹង ០១កន្លែង ប្រវែង១៥០ ម៉ែត្រ លូសាច់អួន ០៤គ្រឿងបង្គោល ១០០ដើមរួមនឹងរបាំងស្បៃមុង ០១ករណីស្មើនឹង០៨ កន្លែង ប្រវែង ៤០០ម៉ែត្រ លូស្បៃមុង ០៨គ្រឿង បង្គោល ២០០ដើម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញ ៥៥គីឡូក្រាមផងដែរ ៕
ដោយ ៖ សុខ គឹមសៀន