រដ្ឋមន្ត្រីធនធានទឹក ជួបសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រ កំពីងពួយ ខណៈការធ្វើស្រែប្រាំងលើសផែនការកំណត់
(ខេត្តបាត់ដំបង)៖ ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹក ឱ្យដឹងថា នៅក្នុងផែនការធ្វើស្រែប្រាំងឆ្នាំ២០២៤-២០២៥ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង មន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក នៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ បានឯកភាពគ្នាលើផែនការចំនួន ១២ ០០០ហិកតា ។ ក៏ប៉ុន្តែជាក់ស្តែងប្រជាកសិករបានធ្វើស្រែប្រាំង រហូតដល់ ១៨ ០៥៦ហិកតា គឺលើសផែនការ ចំនួន ៦ ០៥៦ហិកតា ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ គណៈកម្មាធិការសហគមន៍កសិករ ប្រើប្រាស់ទឹក នៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ដែលស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករចំពោះបរិមាណទឹកនៅក្នុងអាងមានកំណត់ ក្នុងពេលដែលផ្ទៃដីស្រែរីកធំជាបន្តបន្ទាប់។ ជាពិសេស សូមបងប្អូនស្តាប់តាមការណែនាំរបស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរ ដែលជាអ្នកនៅមូលដ្ឋានផ្ទាល់ អំពីសក្តានុពលទឹកដែលមានជាក់ស្តែងសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា សមិទ្ធផលប្រព័ន្ធធារាសាស្ត្រដែលថ្នាក់ដឹកនាំប្រគល់ឱ្យយើង យើងត្រូវរួមគ្នាថែរក្សាការពារឱ្យបានល្អ ដើម្បីប្រជាកសិករបានប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងអស់លទ្ធភាព ដោយត្រូវបែងចែកទឹកឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងតម្លាភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងប្រតិភូក្រុមការងារបច្ចេកទេស ក៏បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនូវប្រព័ន្ធធារាសាស្ត្រកំពីងពួយស្ថិតក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និងចុះទៅពិនិត្យមើលពីស្ថានភាពច្រាំងទំនប់ស្ទាក់ទឹកសាលាតាអន (ដីនទាវ) ក្នុងស្រុកឯកភ្នំផងដែរ ។

សូមបញ្ជាក់ថា៖ ទំនប់អាងកំពីងពួយ មានបណ្ដោយ ៦គីឡូម៉ែត្រ និងទទឹងជិត ២គីឡូម៉ែត្រ កសាងឡើងក្នុងសម័យ ប៉ុល ពត ។ ប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយ ត្រូវបានធ្វើទំនើបកម្មកែលម្អលើកកម្ពស់ទំនប់ កាលពីអំឡុងឆ្នាំ២០២២ ដែលធ្វើឱ្យអាងនេះមានសមត្ថភាពស្ដុកទឹកបានរហូតដល់ ១៤៦លានម៉ែត្រគូប ។ ហើយការធ្វើទំនើបកម្មទំនប់អាងកំពីងពួយនេះ គឺសំដៅធានាឱ្យបានក្នុងការទប់ទល់ពីការបម្រែបម្រួលអាកាសធាតុ ពីជំនន់ទឹកភ្លៀង មកពីតំបន់អូរដូនតា ពីតំបន់ប៉ៃលិន និងពីគ្រប់ច្រក នៃតំបន់ព្រំដែន បានរហូតដល់ចំនួន ៣០០ម៉ែត្រគូបក្នុងមួយនាទី ៕
( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប. )




