ក្រសួងមហាផ្ទៃដាក់ដំណើរការទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប
សៀមរាប : ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅខេត្តសៀមរាបជាផ្លូវការកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការដាក់ដំណើរការទីស្នាក់ការនេះ ដើម្បីបង្កើនប្រសិទ្ធភាពងាយស្រួល ក្នុងការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ។វត្តមានស្នាក់ការផ្តល់លិខិតឆ្លងដែននេះ នឹងជួយបង្ខិតសេវាកម្មធ្វើលិខិតឆ្លងដែនកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងប្រទេស។ប្រជាពលរដ្ឋអាចមកធ្វើលិខិតឆ្លងដែននៅខេត្តសៀមរាបបាន ដោយមិនចាំបាច់តែធ្វើនៅរាជធានីភ្នំពេញដូចពេលមុនទៀតឡើយ។
សូមជម្រាបថា ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលនឹងផ្តល់សេវា ពីម៉ោង ៩មព្រឹក ដល់ម៉ោង ៤រសៀល ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។ ក្រៅពីខេត្តសៀមរាប ដែលទើបបើកដំណើរការទីស្នាក់ការផ្តល់លិខិតឆ្លងដែននេះ ពលរដ្ឋកម្ពុជាក៏អាចស្វែងរកការផ្តល់សេវាកម្មលិខិតឆ្លងដែន នៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានដែរ៕
ដោយ : ប៊ុន រដ្ឋា







