ស៊ីរីត្រៀមបើកជើងហោះហើរអន្តរជាតិឡើងវិញ

បរទេស ៖ ប្រទេសស៊ីរីបាននិយាយថា ជើងហោះហើរអន្តរជាតិ ទៅនិងមក រដ្ឋធានីដាម៉ាស់ នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ បន្ទាប់ពីការបណ្តេញប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីតំណែងនិងរត់ភ្លៀសខ្លួន ទៅក្រៅប្រទេស កាលពីខែមុន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA លោក Ashhad al-Salibi ដែលជាប្រធានអាជ្ញាធរទូទៅ នៃអាកាសចរណ៍ស៊ីវិល និងដឹកជញ្ជូនតាមផ្លូវអាកាស ប្រទេសស៊ីរី បាននិយាយ កាលពីថ្ងៃសៅរ៍ថា «យើងប្រកាសថាយើងនឹងចាប់ផ្តើមទទួលជើងហោះហើរអន្តរជាតិ ទៅ និងមក ពីអាកាសយានដ្ឋានអន្តរជាតិ នៅដាម៉ាស់ ចាប់ពីថ្ងៃអង្គារ សប្តាហ៍ក្រោយ»។

លោកបាននិយាយថា «យើងធានាដល់ក្រុមហ៊ុនអាកាសចរណ៍ អារ៉ាប់ និងអន្តរជាតិថា យើងបានចាប់ផ្តើមដំណាក់កាល នៃការស្តារឡើងវិញ នូវអាកាសយានដ្ឋាន Aleppo និង Damascus ដោយមានជំនួយពីដៃគូរបស់យើង ដូច្នេះ ពួកគេអាចស្វាគមន៍ការហោះហើរ មកពីជុំវិញពិភពលោក» ។

យ៉ាងណាមិញ យន្តហោះផ្តល់ជំនួយអន្តរជាតិ និងគណៈប្រតិភូការទូតបរទេស បានចុះចត នៅប្រទេសស៊ីរីរួចហើយ។ រីឯ ជើងហោះហើរ ក្នុងស្រុក ក៏ចាប់ផ្តើមឡើងវិញដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner