តំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំការប្រកួតបាល់ទះ និងប៉េតង់ អបអរសាទរជ័យជម្នះ ៧មករា
(ខេត្តកណ្តាល)៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ ០៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥) ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីប្រគួតកីឡប៉េតង់ និងកីឡាបាល់ទះ ដែលមានការចូលរួមប្រគួតពីកីឡាករជានាយ-ពលទាហាន មកពីបណ្តាការិយាល័យ ផ្នែកសឹករង/ក្រុង ស្រុក វរៈសេនាតូចលេ១ សរុប ៩៤នាក់ ដែលស្ថិតនៅក្រោមចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍កីឡានេះឡើង ក្នុងគោលបំណងបួនសំខាន់ ក្នុងនោះគឺដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ជាការរំលឹកដឹងគុណនូវការលះបង់របស់កម្មាភិបាលជំនាន់មុន ពិសេសគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងថ្នាក់ដឹកនាំទាំងអស់ដែលបានលះបង់ពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។
ឯកឧត្តម ក៏បានរំលេចនូវស្ថានការណ៍ពិភពលោកថ្មីៗនេះផងដែរ ដែលកំពុងរងគ្រោះនូវសង្រ្គាម ធ្វើឱ្យប្រជាពលរដ្ឋស្លាប់ រងទុក្ខវេទនា បែកបាក់ក្រុមគ្រួសារ ប្តី ប្រពន្ធកូន ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព ប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅប្រកបដោយភាពសុខដុមរម្យនា និងបំពេញការងារ ដើម្បីជីវភាពរស់នៅដោយគ្មានការរំខាន ឬភ័យខ្លាច នោះឡើយ។
ឯកឧត្តម មេបញ្ជាការ ក៏បានជំរុញដល់កងទ័ពទាំងអស់នៅក្រោមទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ត្រូវការពារដាច់ខាតនូវសុខសន្តិភាព ដែលប្រមុខថ្នាក់ដឹកនាំ ជាយុវជនជំនាន់មុនខិតខំកសាងមកយ៉ាងលំបាក និងប្រឆាំងដាច់ខាតចំពោះបុគ្គលណាដែលចង់បំផ្លិចបំផ្លាញ ចង់ផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតដោយស្របច្បាប់ ឬបើទោះបីជាក្នុងរូបភាពបែបណាក្តី។
គួរបញ្ជាក់ថា ឆ្លងកាត់ការប្រគួតជម្រុះវិលជុំ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័តដណ្តើមចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ សម្រាប់វិញ្ញាសាការប្រគួតបាល់ទះ បានទៅលើក្រុមកីឡាកររបស់ទីបញ្ជាការដ្ឋាន ក្នុងនោះលេខ ១ ទទួលបានថវិកា ចំនួន ២០ម៉ឺនរៀល លេខ២ បានទៅលើផ្នែកសឹករងស្រុកមុខកំពូល ទទួលបាន ១៥ម៉ឺនរៀល និងលេខ៣បានទៅលើផ្នែកសឹករងក្រុងសំពៅពូន ទទួលបាន ១០ម៉ឺនរៀល និងសម្រាប់វិញ្ញាប៉េតង់ ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាមកពីការិយាល័យបច្ចេកទេស ទទួលបានថវិកាឧបត្ថម្ភ ១៥ម៉ឺនរៀល លេខ២ បានទៅលើការិយាល័យលេខ២ ទទួលបានថវិកា ឧបត្ថម្ភ ១០ម៉ឺនរៀល និងលេខ៣ បានទៅលើ ផ្នែកវិស្វកម្ម ដោយទទួលបានថវិកា ឧបត្ថម្ភ ៥ម៉ឺនរៀល ៕
អត្ថបទ ៖ ង់ាន់ ទិត្យ
រូបភាព ៖ រិន រចនា















