កូរ៉េរាប់ម៉ឺននាក់ចេញតវ៉ា ទោះប្រឈមនឹងព្យុះព្រិល
បរទេស៖ នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករកូរ៉េខាងត្បូង រាប់ម៉ឺននាក់ បានជម្នះនឹងព្យុះព្រិល ចេញក្រៅធ្វើការតវ៉ា ជុំវិញការព្យួរទោស ប្រធានាធិបតី Yoon Suk Yeol ដែលនៅតែមិនទាន់ត្រូវបានចាប់ខ្លួន ព្រោះការដាក់ចេញអាជ្ញាសឹក របស់លោក។
លោក Yoon បានធ្វើឲ្យប្រទេស ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ កាលពីខែមុន ជាមួយនឹងការប្រកាសច្បាប់អាជ្ញាសឹក ហើយចាប់តាំងពីពេលនោះមក លោកបានស្ថិតនៅក្នុងផ្ទះប្រធានាធិបតី ដែលហ៊ុព័ទ្ធដោយមន្ត្រីសន្តិសុខស្មោះត្រង់ រាប់រយនាក់ ទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែង ចាប់ខ្លួនរូបលោក។
កាលពីថ្ងៃសៅរ៍ ក៏មានមនុស្សរាប់ម៉ឺននាក់ប្រឆាំងនឹងលោក Yoon បានទៅដល់គេហដ្ឋានរបស់លោក និងផ្លូវសំខាន់ៗ នៅក្នុងទីក្រុងសេអ៊ូលផងដែរ ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួន លោក Yoon មិនបានសម្រេច។
យ៉ាងណាមិញ ក៏មានការជួបជុំ នៃក្រុមអ្នកគាំទ្រលោក Yoon ឬ Pro-Yoon បានប្រមូលផ្តុំគ្នា ម្តងទៀតនៅមុខផ្ទះរបស់លោក នៅថ្ងៃអាទិត្យនេះដែរ បើទោះបីជាស្ថានភាពព្រិលដ៏ជូរចត់ បានវាយលុករដ្ឋធានី ពេញមួយយប់ក៏ដោយ។
លោកYoon ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទបះបោរ ដែលជាឧក្រិដ្ឋកម្មមួយ ក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន ដែលមិនមានអភ័យឯកសិទ្ធិប្រធានាធិបតី មានន័យថា លោកអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ឬ ក៏អាចប្រឈមនឹងទោសប្រហារជីវិត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត





