ព្រៃអាម៉ាហ្សូនប្រេស៊ីលកើនភ្លើងឆេះព្រៃខ្ពស់បំផុតក្នុងរយៈពេល ១៧ឆ្នាំ

ប្រាស៊ីលីយ៉ា ៖ យោងតាមទិន្នន័យពីរដ្ឋាភិបាល បានបង្ហាញឱ្យដឹងនាពេលថ្មីៗនេះថា គិតត្រឹមឆ្នាំ ២០២៤ ព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល បានជួបប្រទះចំនួនភ្លើងឆេះខ្ពស់បំផុតក្នុងរយៈពេល ១៧ឆ្នាំ បន្ទាប់ពីតំបន់ biome ដ៏ធំបានទទួលរងនូវគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនខែ។

យោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE) បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ ភ្លើងឆេះព្រៃដល់ទៅ ១៤០,៣២៨លើកត្រូវបានរកឃើញ និងផ្តិតយករូបភាពតាមរយៈផ្កាយរណបក្នុងមួយឆ្នាំៗ។ តួលេខនេះ កើនឡើង ៤២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៩៨,៦៣៤លើក ហើយនោះជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលភ្លើងឆេះព្រៃចំនួន ១៨៦,៤៦៣លើកត្រូវបានកត់ត្រា។

ទោះបីជាមានចំនួនភ្លើងឆេះព្រៃខ្លាំងក៏ដោយ ប៉ុន្តែមានការចង្អុលបង្ហាញថា ផ្ទៃដីសរុបដែលទទួលរងការកាប់បំផ្លាញព្រៃឈើ គឺមានកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ នៅដើមខែវិច្ឆិកា វិទ្យាស្ថានជាតិស្រាវជ្រាវអវកាស បានគូសបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ក្នុងរយៈពេល ១២ខែ គិតត្រឹមខែសីហា ឆ្នាំ ២០២៤ បានធ្លាក់ចុះជាង ៣០ភាគរយ ហើយនេះជាចំនួនទាបបំផុតក្នុងរយៈពេល ៩ឆ្នាំ។

យ៉ាងណាមិញ គ្រោះរាំងស្ងួតបានរួមរឹតតំបន់អាម៉ាហ្សូនចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣ ដែលត្រូវបានជំរុញដោយការប្រែប្រួលអាកាសធាត បង្កឡើងពីថ្វីដៃមនុស្ស និងបាតុភូតរលកកំដៅ El Nino។ ប្រការនេះបានជួយបង្កើតលក្ខខណ្ឌអំណោយផលដល់ភ្លើងឆេះព្រៃដ៏ធំ ប៉ុន្តែអ្នកជំនាញនិយាយថា ភ្លើងឆេះព្រៃភាគច្រើន បង្កឡើងពីស្នាដៃកសិករ ដែលឈូសឆាយដី និងដុតឆ្ការព្រៃវាតទីយកដីធ្វើកសិកម្ម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner