ប្រជាពលរដ្ឋ៨៥៧គ្រួសារ ទទួលបានចង្ក្រានបង្កើនថាមពល ពីអាជ្ញាធរខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ ចង្ក្រានបង្កើនថាមពលដែលជាជំនួយរបស់ក្រុមហ៊ុន គ័ង ចូវអាយស្បឺត ត្រូវបានចែកជូនប្រជាពលរដ្ឋ ៨៥៧គ្រួសារ នៅក្នុងសង្កាត់ ៤ក្នុងក្រុងស្ទឹងត្រែងក្រោមវត្តមានឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីមន្ត្រីក្រោមឱវាទផងដែរ កាលពីថ្ងៃទី៥មករា២០២៥ នៅក្នុងបរិវេណ «វិទ្យាល័យព្រះរាជបូជនីយកិច្ច» ខេត្តស្ទឹងត្រែង។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានឱ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានចង្ក្រានថាមពលពីអាជ្ញាធរនៅពេលនេះ មកពីសង្កាត់ ៤ក្នុងក្រុង ក្នុងនោះ សង្កាត់ស្ទឹងត្រែង ទទួលបាន ២៥៩ចង្រ្កាន សង្កាត់ស្រះឫស្សី ទទួលបាន ២០៧ចង្ក្រាន សង្កាត់ព្រះបាទ ១៩១ចង្រ្កាន និងសង្កាត់សាមគ្គី ២០០ចង្រ្កាន។
ក្នុងឱកាសនេះអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានថ្លែងអំណរគុណក្រុមហ៊ុន គ័ង ចូវអាយស្បឺត ដែលបានផ្តល់ចង្ក្រានថាមពលជូនដល់ប្រជាពលរដ្ឋជាង ៨០០គ្រួសារ ដែលជួយលើការងារបរិស្ថាន ការបន្ថយការប្រើប្រាស់អុស និងបានរួមចំណែកជួយដល់បងប្អូនជនពិកានៅខេត្តកំពង់ឆ្នាំង ដែលទទួលបានប្រាក់ចំណូលពីការផលិតចង្រ្កាននេះ មានគុណភាពប្រើប្រាស់បានរហូតដល់ ៣ឆ្នាំ ខុសពីចង្រ្កានប្រភេទផ្សេងៗ ប្រើប្រាស់យ៉ាងយូបំផុតបានត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។
លោក សាខុន ប៉ូរិន តំណាងក្រុមហ៊ុន គ័ង ចូវអាយស្បឺត បានថ្លែងថា ការចែកជូនចង្រ្កានបង្កើនថាមពលនៅពេលនេះ ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់កាត់បន្ថយបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់អុសច្រើនកាត់បន្ថយ ផ្សែងចូល ទៅក្នុង បរិយាកាស និងកាត់បន្ថយភាពក្រីក្រ តាមរយៈការទិញអុសយកមកប្រើប្រាស់។ លោកថា ចង្រ្កាននេះបានផលិតនៅខេត្ត កំពង់ឆ្នាំង ហៅថា សិប្បកម្មព្រៃមាន់ និងបានផ្គត់ផ្គង់ជាច្រើនកន្លែងនៅកម្ពុជា៕
ដោយ៖ឡុង សំបូរ