ស៊ីរីស្នើអាមេរិកដកទណ្ឌកម្ម ក្រោយពេល Assad ចាកចេញ
បរទេស៖ ក្រុមរដ្ឋមន្ត្រី មកពីរដ្ឋាភិបាលអន្តរកាល របស់ប្រទេសស៊ីរី បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មរបស់ខ្លួន លើប្រទេសស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេ ទៅកាន់ប្រទេសកាតា ចាប់តាំងពីការផ្តួលរំលំ ប្រធានាធិបតី Bashar al-Assad។
ក្រសួងការបរទេសបានជូនដំណឹងថា នាយករដ្ឋមន្ត្រីប្រទេសនេះ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Shaibani ព្រមទាំង រដ្ឋមន្ត្រីការពារជាតិ និង ប្រមុខស៊ើបការណ៍ថ្មីរបស់ស៊ីរី ផងដែរ។
អ្នកការទូតស៊ីរី និងមន្ត្រីកាតា បានបញ្ជាក់ប្រាប់ AFP ថា លោករដ្ឋមន្ត្រីការបរទេសស៊ីរី បានទៅដល់ទីនោះ កាលពីព្រឹកថ្ងៃអាទិត្យ សម្រាប់ចូលរួមកិច្ចប្រជុំសំខាន់មួយ។ រដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នបានចាត់ទុក ទណ្ឌកម្មរបស់អាមេរិកថា ជាឧបសគ្គដល់ការងើបឡើងវិញ យ៉ាងឆាប់រហ័ស ដូច្នេះ រដ្ឋាភិបាលបន្តការទាមទារឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងនេះចេញ ។
យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិ មិនបានប្រញាប់ប្រញាល់ ដកការរឹតបន្តឹងសេដ្ឋកិច្ច លើប្រទេសស៊ីរីទេ ហើយផ្ទុយទៅវិញ កំពុងរង់ចាំមើលពីរបៀប ដែលអាជ្ញាធរថ្មី អនុវត្តអំណាចរបស់ពួកគេ របៀបណា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត