ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសិក្ខាសាលា ស្តីពីការ «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអង្គសិក្ខាសាលាថា “ក្នុងដំណើរការកំណែទម្រង់អង្គភាពទាំងបីនេះ បានបន្តធ្វើកិច្ចការចំនួន៣ ចម្បងរួមមាន៖ ១).ការពិនិត្យនិងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ២).ការពិនិត្យឡើងវិញ និងការវិភាគលើមុខងារ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និង ៣).ការត្រួតពិនិត្យវត្តមានមន្ត្រីរាជការ ដែលតម្រូវឱ្យមន្ត្រីរាជការត្រូវមានវត្តមាន និងចុះហត្ថលេខាជាប្រចាំថ្ងៃ។ ជាមូលដ្ឋាន ក្រសួងបានសំយោគធាតុចូល និងជាពុទ្ធិបន្ថែមក្នុងការពិនិត្យកែសម្រួលមុខងារ និងរចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ មុតស្រួច និងពេញលេញ ទាំងបច្ចេកទេស ទាំងគតិយុត្ត ស្របតាមបរិបទនៃការវិវត្តរបស់សង្គម និងធម្មជាតិ។”

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “បន្ទាប់ពីដំណើរការពិនិត្យ និងវិភាគនេះ ក្រសួងធនធានទឹក និងឧតុនិយម បានរកឃើញ និងសម្រេចថា មុខងារ និងភារកិច្ចខ្លះត្រូវទម្លាក់ចុះ និងផ្ទេរចេញ ដោយសារការជាន់គ្នា និងពុំសូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង និងវិស័យ ដោយឡែកមុខងារខ្វះខាតមួយចំនួនត្រូវបំពេញមកវិញ និងពង្រឹង បន្ថែម ដើម្បីប្រសិទ្ធភាពការងារ និងស្ថាប័ន។”

សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួង ស្ថាប័ន ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner