មន្ទីរកសិកម្មខេត្តស្ទឹងត្រែង បង្ហាញលទ្ធផលការងារឆ្នាំ២០២៤
ស្ទឹងត្រែង៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការ លោក ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង និង ថ្នាក់ដឹកនាំ មន្រ្តីនៃមន្ទីរកសិកម្មខេត្តស្ទឹងត្រែង។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបង្ហាញលទ្ធផលថា រយៈពេល មួយឆ្នាំកន្លងមកនេះ លើការបង្កបង្កើនផលដំណាំស្រូវសម្រេចបាន ២៨ ៥៩២ហិកតា ដំណាំសាកវប្បកម្មអនុវត្តបាន ៥ ៩៤០ហិតា ដំណាំឧស្សាហកម្មចំនួន ៤៤ ៥១៣ហិកតា ។ចំណែកទិន្នផលស្រូវផលិតបានក្នុងបរិមាណគ្រប់គ្រាន់តម្រូវការប្រជាជន ១៨៣ ៤៧៧នាក់ និងមានតុល្យភាពស្បៀងប្រមាណ ២៦ ២៣៧តោន គិតជា អង្ករ ស្បៀងនៅសល់ ១៧ ៤០៩តោន។
ដោយឡែកចំពោះវិស័យព្រៃឈើ បានអនុវត្តតាមច្បាប់ស្តីពីព្រៃឈើ លិខិតបទដ្ឋានគតិយុត្តិ និងចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើស ព្រមទាំងចងក្រងសំណុំរឿងបទល្មើសព្រៃឈើ ៧០ករណី បញ្ជូនសំណុំរឿងទៅតុលាការ ៦៧ករណី។, វិស័យជលផល បានអនុវត្តនូវវិធានការអភិរក្ស និងទប់ស្កាត់នូវបទល្មើសជលផលគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្ត ដោយបានសហការល្អជាមួយកងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ឆ្មាំទន្លេ និងគណៈកម្មការសហគមន៍ ,មន្ទីរកសិកម្មខេត្ត មានសហគមន៍កសិកម្ម ៣៩សហគមន៍ សហគមន៍នេសាទ ៦២សហគមន៍ និងសហគមន៍ព្រៃឈើ ២១សហគមន៍ ។
ចំពោះការងារផលិតកម្មសត្វ មានប្រជាពលរដ្ឋចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម ៦៩ ៤៨៥គ្រួសារ។
ដោយឡែកការងារសម្បទានដីសេដ្ឋកិច្ចមាន ១២ក្រុមហ៊ុន មានផ្ទៃដីឈូសឆាយសរុប ២៧ ៣៨៩ហិកតា ហើយបានធ្វើការដាំដុះគិតពីពេលចាប់ផ្តើមអនុវត្តរហូតដល់ចុងឆ្នាំ២០២៤ ក្រុមហ៊ុនបានដាំដុះលើផ្ទៃដី សរុប ១៩ ២៩៣ហិកតា និងការចិញ្ចឹមជ្រូក ១២ ៥០០ក្បាល ។
លោក ទុំ នីរ៉ូ បានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំមកនេះ មន្ទីរបានពង្រឹង និងអនុវត្តនូវធនធានមនុស្ស ដើម្បីធ្វើឱ្យមន្ទីរឈានទៅសម្រេបានតាមផែនការ និងទិសដៅរបស់អង្គភាព ក្រោមការដឹកនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងកិច្ចសហការល្អពីគ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងប្រជាកសិករក្នុងស្ទឹងត្រែង៕
ដោយ៖ឡុង សំបូរ