ស.ស.យ.ក គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

(ភ្នំពេញ)៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រចាំការ ស.ស.យ.ក.រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របបដ៏ព្រៃផ្សៃ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវកម្ពុជា តែងតែកំណត់យកថ្ងៃទី៦ ខែមករា ជាថ្ងៃការគោរពវិញ្ញាណក្ខន្ធជូនជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាឆ្នាំទី១៣ និងមុនមួយថ្ងៃនៃការអបអរសាទរទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះដែលបានបាត់បង់ជីវិតដោយការធ្វើទារុណកម្មសម្លាប់យ៉ាងព្រៃផ្សៃបំផុត ។ ការដឹកនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ ក៏មិនមែនចង់ឲ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សារភ្ជាប់ការចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅពេលនេះ គឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត។ ក្នុងនាមជាអ្នកបន្តវេន ត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសយើង ជាការដាស់ស្មារតីក្នុងការថែរក្សាសុខសន្តិភាព កុំឱ្យដើរជាន់ដានប្រវត្តិសាស្ត្រ ។

ការផ្សារភ្ជាប់យុវជនទៅនឹងប្រវត្តិសាស្ត្រ ជាការរម្លឹកពីការចងចាំរបស់យុវជនខ្មែរ ដែលធ្លាប់បានឆ្លងកាត់អតីតកាល ជាពិសេស តាមរយៈកម្មវិធីនេះ ទើបធ្វើឱ្យយុវជនជំនាន់ក្រោយ មានឱកាសបានមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង បានឃើញផ្ទាល់ភ្នែកនូវអ្វីដែលជាតឹកតាងបន្សល់ទុកនៅទីវាលពិឃាតមួយនេះ ព្រមទាំងរៀនយល់ដឹងពីបទពិសោធន៍ក្នុងអតីតកាល ដើម្បីយកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិ និងស្រលាញ់ជាតិមាតុភូមិ រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ថែមថា ក្នុងនាមជាយុវជនជំនាន់ក្រោយចងចាំជានិច្ចគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់មានអ្វីៗដូចបច្ចុប្បន្ននេះ ។ ថ្ងៃ៧មករា បានឋិតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋ និងយុវជនជារៀងរហូតតទៅ។ ៧ មករា មានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ជ័យជម្នះរបស់ប្រជាជាតិកម្ពុជា ដែលត្រូវបានប្រជាជនកម្ពុជាចាត់ទុក ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ និងបានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់ និងភាពងងឹតសូន្យសុង នៃរបបវាលពិឃាត របស់បនប្រល័យពូជសាសន៍ ប៉ុលពត ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចក្រោមសូន្យ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាពសង្គម ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner