ការធ្វើជំរឿនប្រចាំខែធ្នូ២០២៤ សត្វក្រៀលមានការថយចុះនៅតាមតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង

(ភ្នំពេញ)៖ ចំនួនសត្វក្រៀលដែលស្ថិតនៅក្នុងតំបន់ការពារទេសភាពចំនួន ២គឺ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្ត កំពត មានការធ្លាក់ចុះ ដែលនេះគឺជាក្តីព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ៖ អំឡុងពេលកាលពីថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា មន្ទីរបរិស្ថានខេត្តតាកែវ មន្ទីរបរិស្ថានខេត្តកំពត បានសហការគ្នាធ្វើជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា ៖ ការធ្វើជំរឿននេះ ចាប់ផ្ដើមឡើងនៅរសៀលថ្ងៃទី៣០ ដើម្បីសង្កេតមើលទីតាំងទ្រនំសត្វក្រៀល និងរាប់ចំនួន លុះព្រឹកឡើងថ្ងៃទី៣១ ខែឆ្នាំដដែល យើងត្រូវក្រោកមុនថ្ងៃរះដើម្បីរង់ចាំរាប់ចំនួនក្រៀលដែលហើរចេញពីទ្រនំ និងបូកសរុបចំនួនជាក់ស្ដែង ។

ជាលទ្ធផល សត្វក្រៀលចំនួន ៥២ក្បាល (ជំទង់ ១២) ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់ដីសណ្ដរមេគង្គក្រោមប្រទេសកម្ពុជា។ ក្នុងនោះដែរ សត្វក្រៀលចំនួន ៤៤ក្បាល ក្នុងនេះជំទង់ចំនួន ១១ក្បាលមានវត្តមានក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងចំនួន៨ក្បាល (ជំទង់១) មានវត្តមានក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំនួនសរុបនេះ មានការថយចុះចំនួន ១៥ក្បាល ឬប្រមាណ ២២.៣៩ភាគរយ ធៀបនឹងចំនួនសរុបកាលពីខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនសរុប ៦៧ក្បាល ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា ការធ្វើជំរឿនត្រូវធ្វើ ៤ដងទៀតមុននឹងទទួលលទ្ទផលជំរឿនសរុបប្រចាំឆ្នាំ២០២៤-២០២៥ ។ ការថយចុះនេះបណ្ដាលមកពីកត្តាប្រឈមមួយចំនួនដូចជា ការប្រែប្រួលទីជម្រក ការរំខានពីសកម្មភាពមនុស្សចូលនេសាទក្នុងតំបន់ការពារ និងការព្រលែងសត្វក្របីច្រើនពាសវាលពាសកាលក្នុងតំបន់ការពារជាដើម ។

អង្គការសង្គមស៊ីវិលមួយនេះបានធ្វើការអំពាវនាវ ដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពរដ្ឋទូទាំងប្រទេស ចូលរួមការពារតំបន់ដីសើមនេះ និងនិយាយថាទេចំពោះការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ ។ រួមទាំងអស់គ្នា យើងអាចការពារបក្សីដ៏កម្រនេះ និងទីជម្រករបស់វាបាន ។

គួរបញ្ជាក់ថា សត្វក្រៀល គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល ។

កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើងពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬ ញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner