អភិបាលខេត្តកំពង់ចាម អំពាវនាវសូមឱ្យនាំគ្នាចូលរួមលេងកីឡា
កំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនសូមឱ្យនាំគ្នាចូលរួមលេងកីឡា ទោះកីឡាប្រភេទណាក៏ដោយ ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងចៀសផុតពីជំងឺ កាចសាហាវទាំងឡាយគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្ត ថ្លែងបែបនេះក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទះនៃកីឡដ្ឋាន ក្រុងកំពង់ចាម ។

ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជាដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍនិងកិត្យានុភាពជាតិ។

ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់យុវជន យុវនារីគ្រប់រូបបង្វែចិត្តមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ។កីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ។ឯកឧត្តមក៏សូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សា វប្បធម៌ ប្រពៃណី ក្នុងពេលប្រកួតឱ្យបានខ្ជាប់ខ្ជួន។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ក្រុមកីឡាករ កីឡាការិនី នៃមន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥នេះ មានចំនួន ៩១ក្រុម មានកីឡាករ កីឡាការិនី សរុប ៩៣១នាក់ និងគ្រូបង្វឹកចំនួន ១៨៧នាក់ ។ប្រភេទកីឡាដែលបានដាក់ឱ្យប្រកួត រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ប៊ូល កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ៕
ដោយ៖លី ពៅ
