អ៊ុយក្រែននឹងមានមីស៊ីលបំពាក់ដោយ AI អាចបាញ់ទម្លាក់ដ្រូនរុស្ស៊ីហោះកម្ពស់ ២គីឡូម៉ែត្រ
កៀវ ៖ បើកទំព័រឆ្នាំថ្មីភ្លាម ភ្លើងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីហាក់កាន់តែពុះកញ្ជ្រោលឡើងវិញ ចំពេលដែលប្រទេសអេស្តូនីកំពុងសង្ខំផលិត និងធ្វើតេស្តមីស៊ីលខ្នាតតូចថ្មីមួយ ដែលដំណើរការដោយបច្ចេកវិទ្យា AI សម្រាប់ទីក្រុងកៀវប្រើបាញ់កម្ទេចយន្តហោះដ្រូនទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting engineering។
ប្រភពបានឱ្យដឹងថា មីស៊ីលប្រឆាំងយន្តហោះដ្រូន Mark 1 របស់ក្រុមហ៊ុន Frankenburg Technologies នេះ ជាប្រភេទមីស៊ីលការពារដែនអាកាសដំណើរការដោយ AI ដែលអាចទប់ទល់ និងកម្ទេចយន្តហោះដ្រូន ដែលហោះក្នុងរយៈពេលទាបយ៉ាងមានប្រសិទ្ធិភាព។ ការធ្វើតេស្តមីស៊ីលនេះ គ្រោងធ្វើឡើងនៅក្នុងខែមករានេះតែម្តង ប៉ុន្តែប្រភពមិនបានបញ្ជាក់លំអិតថាតើនឹងធ្វើនៅទីតាំងណាមួយនៅក្នុងប្រទេសអ៊ុយក្រែនទេ។
នាយកប្រតិបត្តិក្រុមហ៊ុន Frankenburg លោក Kusti Salm បានអះអាងថា គោលបំណងផលិតមីស៊ីលថ្មីនេះ គឺជួយអ៊ុយក្រែនឈ្នះសង្រ្គាម លោកថា ដើម្បីសម្រេចបាននូវគោលដៅនោះ យើងកំពុងផ្តល់មីស៊ីលថ្មីដែលមានតម្លៃសមរម្យដល់អ៊ុយក្រែន សម្រាប់បាញ់ទម្លាក់គោលដៅនៅលើអាកាស ជាពិសេសយន្តហោះដ្រូន (UAVs)។
យ៉ាងណាមិញ សព្វាវុធនេះត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងប្រើប្រាស់ការវាយប្រហារដោយយន្តហោះដ្រូនប្រឆាំងនឹងអ៊ុយក្រែន។ តួយ៉ាង រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនចំនួនជាង ១០០គ្រឿងទៅលើរដ្ឋធានីកៀវ របស់អ៊ុយក្រែន កាលពីថ្ងៃទី១ ខែមករា ដែលជាថ្ងៃចូលឆ្នាំសកល ដោយបានសម្លាប់មនុស្សម្នាក់ របួស ៦នាក់ និងខូចខាតអគារមួយចំនួន។
មីស៊ីលបំពាក់ AI នេះ ត្រូវបានគេរាយការណ៍ថា អាចវាយប្រហារគោលដៅនៅរយៈកម្ពស់រហូតដល់ ២គីឡូម៉ែត្រ។ ប្រសិនបើការធ្វើតេស្តទទួលបានជោគជ័យ នោះអ៊ុយក្រែនត្រូវបានរំពឹងថា នឹងអនុម័តឱ្យប្រើប្រាស់វានៅក្នុងសមរភូមិតែម្តង។ បើតាមការអះអាងរបស់ក្រុមហ៊ុន Frankenburg ការផលិតក្នុងដំណាក់កាលដំបូងនឹងចាប់ផ្តើមជាមួយចំនួនរាប់សិបគ្រឿងក្នុងមួយសប្តាហ៍ ហើយនឹងកើនឡើងដល់រាប់រយនៅត្រីមាសទី៣ ឆ្នាំ ២០២៥៕
ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា