ឆ្នាំថ្មី អាមេរិកជះលុយជិត ១២ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង ១៤៥គ្រឿង
ប៉េកាំង ៖ ស្របពេលដែលស្ថានភាពតានតឹងជុំវិញពិភពលោកឡើងកំដៅខ្លាំង មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតសព្វាវុធយក្ស Lockheed Martin ដើម្បីបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ១៤៥គ្រឿងបន្ថែមទៀត ដែលមានតម្លៃប្រហែល ១១,៧ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន National Interest។
បន្ទាប់ពីទទួលបានកិច្ចសន្យានេះ ការងារផលិតយន្តហោះ F-35 Lightning II ចំនួន ១៤៥គ្រឿង នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងប្រទេសចំនួន ៤ផ្សេងៗគ្នា មានដូចជាសហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស ហើយនៅក្នុងសហរដ្ឋអាមេរិក រដ្ឋចំនួន ៥ផ្សេងគ្នានឹងទទួលបានអត្ថប្រយោជន៍ពីការងារនេះ ក្នុងនោះរួមមានរដ្ឋតិចសាស់, កាលីហ្វ័រញ៉ា, ម៉ារីលែន, ញូវ ហែមស៊ៀរ និងផ្លរីដា។
បច្ចុប្បន្នមានប្រទេសចំនួន ២០ ដែលចូលរួមក្នុងកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ F-35។ ការបញ្ជាទិញសរុបនៃយន្តហោះ F-35 ពីប្រទេសទាំងនេះ គឺប្រហែល ៣,៥៧៩គ្រឿង។ ក្នុងនោះយន្តហោះ F-35A គឺពេញនិយមបំផុត ដោយមានការបញ្ជាទិញប្រហែល ២,៧០០គ្រឿង បន្ទាប់មក F-35B មានការបញ្ជាទិញចំនួន ៥៧៥គ្រឿង និង F-35C មានការបញ្ជាទិញចំនួន ៣៤០គ្រឿង។ យន្តហោះ F-35 Lightning II គឺជាយន្តហោះចម្បាំងទំនើបបំផុតនៅលើមេឃនាពេលបច្ចុប្បន្ន ហើយមានសមត្ថភាពគេចពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ជាមួយនឹងលក្ខណៈបំបាំងកាយរបស់វា។
រហូតមកទល់ពេលនេះ យោធាអាមេរិកគឺជាអតិថិជនទិញយន្តហោះចម្បាំង F-35 ធំបំផុតរបស់ក្រុមហ៊ុន Lockheed Martin ជាមួយនឹងការបញ្ជាទិញយន្តហោះសរុបចំនួន ២,៤៥៦គ្រឿង ក្នុងនោះកងទ័ពអាកាសបានបញ្ជាទិញយន្តហោះ F-35As ចំនួន ១,៧៦៣គ្រឿង, កងទ័ពជើងទឹកទិញយន្តហោះ F-35Cs ចំនូន ២៧០គ្រឿង និង កងម៉ារីន (Marine Corps) ទិញយន្តហោះ F-35Bs ចំនួន ៣៥៣គ្រឿង និង F-35Cs ចំនួន ៧០គ្រឿង៕
ប្រភព ៖ National Interest ប្រែសម្រួល ៖ ឈឹម ទីណា