GDPវៀតណាមនៅឆ្នាំ២០២៤ កើនឡើងដល់ ៧.០៩%
ហាណូយ៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម បានបង្ហាញ នៅថ្ងៃចន្ទនេះថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់វៀតណាម ក្នុងឆ្នាំ២០២៤ មានតម្លៃ ៤៧៦,៣ពាន់លានដុល្លារអាមេរិក កើនឡើង ៧.០៩ ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹម ៥.០៥ ភាគរយ។
ការិយាល័យស្ថិតិទូទៅ ហៅកាត់ GSO បានឲ្យដឹងថា កំណើននេះ ត្រូវបានជំរុញ ដោយការនាំចេញ និងលំហូរវិនិយោគបរទេស ដ៏រឹងមាំ បើទោះបីជាត្រូវបានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះទីហ្វុងដ៏ខ្លាំង ក៏ដោយ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Rueters។
GSO បានឲ្យដឹងថា លំហូរវិនិយោគបរទេសចូលក្នុងប្រទេសវៀតណាម បានកើនឡើង ៩,៤% កាលពីឆ្នាំមុន ពោលគឺមានតម្លៃ ២៥,៣៥ពាន់លានដុល្លារ។
ប្រភពបានបន្តថា ការនាំចេញរបស់វៀតណាម នៅឆ្នាំ២០២៤ បានកើនឡើង ១៤.៣ ភាគរយ ជាពិសេស គ្រឿងអេឡិចត្រូនិក។ ប៉ុន្តែ ការនាំចូលវិញ បានកើនឡើង ១៦.៧ នាំឲ្យមាន អតិរេកពាណិជ្ជកម្ម ជាង ២៤ពាន់លានដុល្លារអាមេរិក។
ការបង្កើនបរិមាណនាំចូលធ្យូងថ្ម សម្រាប់ផលិតថាមពល ដោះស្រាយបញ្ហាខ្វះខាតអគ្គិសនី ក៏ត្រូវបានគេជឿថា បានជួយជំរុញកំណើន GDP នៅឆ្នាំ២០២៤នេះ ផងដែរ។
បើតាមប្រភព បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៥នេះ វៀតណាមចង់បាន GDP ឲ្យមានកំណើន ៨.០ភាគរយ នេះបើតាម នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និយាយ កាលពីខែមុន៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត