ឯកឧត្តម ហ៊ុន ម៉ានី៖ រដ្ឋបាលសាធារណៈ គឺជាឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការធានានិរន្តរភាពប្រទេសជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ គ.វ.រ. បានបញ្ជាក់ថា “រដ្ឋបាលសាធារណៈ គឺជាឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការធានានិរន្តរភាពប្រទេសជាតិ​។ ការវិភាគមុខងារ គឺជាឱកាសរបស់យើងទាំងអស់គ្នាចូលរួមដោះស្រាយ កែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដើម្បីកសាងបន្ថែមផង និងបន្សល់ទុកជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយផង”។ ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាស្តីពី«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម» នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

ក្រោយកិច្ចពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរដល់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានរៀបចំការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងខ្លួន ព្រមទាំងបានបញ្ជាក់ពីមូលហេតុដែលក្រសួងមុខងារសាធារណៈ​ ចាំបាច់រៀបចំឱ្យមានការផ្សព្វផ្សាយនៅតាមក្រសួង ស្ថាប័​ន។​ គោលបំណងនោះគឺដើម្បីបង្ហាញនូវការវិវឌ្ឍ និងលទ្ធផលនៃការស្វែងយល់ និងការតម្រង់ទិស ពន្យល់ដល់មន្ត្រីតាមក្រសួង ស្ថាប័ន ឱ្យមានការយល់ដឹងឱ្យកាន់តែច្បាស់ពីការវិភាគមុខងារ និងកាត់បន្ថយការយល់ច្រឡំថាការវិភាគមុខងារគឺជាការវៈកាត់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការវិភាគមុខងារនេះ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍មន្ក្រីដែលមានចែងដោយច្បាប់នោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការអនុវត្តវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល កំពុងដំណើរការទៅមុខ​ ហើយទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន ចូលរួមសហការ និងអនុវត្តទាំងអស់គ្នា ដោយឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយដើម្បីឈានទៅដល់គោលដៅដែលបានកំណត់ ដោយមានក្រសួងមុខងារសាធារណៈជាលេខាធិការដ្ឋាននៃ គ.វ.រ. ទទួលបន្ទុកគាំទ្រផ្នែកបច្ចេកទេស។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ការវិភាគមុខងារ គឺជាការកំណត់មុខងារ រចនាសម្ព័ន្ធ ធនធានមនុស្ស និងថវិកា បង្វែរឱ្យចំទិសដៅ ដើម្បីទទួលបានសមិទ្ធកម្មត្រឡប់មកវិញ។ “ការវិភាគមុខងារ គឺជាឱកាសរបស់យើងទាំងអស់គ្នាចូលរួមដោះស្រាយ កែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដើម្បីកសាងបន្ថែមផង និងបន្សល់ទុកជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយផង។”
ដោយ៖ពលជ័យ

ads banner