ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ នឹងប្រារព្ធនៅថ្ងៃទី១៩ ខែមករានៅប្រាសាទអង្គរវត្ត

សៀមរាប៖ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ នឹងប្រារព្ធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខវេលាម៉ោង៧ព្រឹក នៅលើស្ពានហាល​ខាងលិចប្រាសាទអង្គរ ខណៈបេក្ខជនជាង១ ២០០នាក់បានចុះ​ឈ្មោះ​ចូលរួមប្រកួតប្រជែង ។

បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កុសល អគ្គនាយកអាជ្ញាធរជាតិ អប្សរា ,លោក លឹម ប៊ុនហុក គណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ បានលើកឡើងពី​គុណ​តម្លៃនៃរមណីយដ្ឋានអង្គរ ផ្សា​ភ្ជាប់ជាមួយការប្រកួតសំណេរអង្គរ និងការលើកកម្ពស់អក្សរសាស្រ្តខ្មែរ ។លោក លឹម ប៊ុនហុក បានបញ្ជាក់​ថា ព្រឹត្តិការណ៍​សំណេរអង្គរលើកទី២នេះ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខវេលាម៉ោង៧ព្រឹក នៅស្ពាន​ហាលខាង​លិចប្រាសាទ​អង្គរ។មានបេក្ខជនចូលរួម១ ២២០នាក់ ក្នុងនេះបេក្ខជន៨១៨នាក់ អាយុចាប់ពី១៩ឆ្នាំឡើង និង បេក្ខជន៣៩៦នាក់ អាយុចាប់ពី ៦ឆ្នាំ ទៅដល់១៨ឆ្នាំ ។

លោកបញ្ជាក់ថា ព្រឹត្តិការណ៍ប្រឡងសរសេរតាមអានសំណេរអង្គរ​លើកទី២នេះ  ប្រព្រឹត្តទៅ​ក្រោមការចូលរួម​របស់​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  និងធ្វើជាអ្នក​អាន​អត្ថបទ​សម្រាប់បេក្ខជនប្រកួត ព្រមទាំងវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារ​ណៈ ផងដែរ  ។

លោក លឹម ប៊ុនហុក បានគូសរំលេចថា ក្នុងចំណោមបេក្ខជនចុះ​ឈ្មោះជាង១ ២០០នាក់នោះ មានបេក្ខជន​ចាស់ជាង​គេ​អាយុ​៨១ឆ្នាំ,បេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ និងមានជនបរទេស ព្រមទាំងព្រះសង្ឃ ៨០អង្គផងដែរ។ ។ បេក្ខជន​ខេត្ត​សៀមរាប​ច្រើនជាងគេ បន្ទាប់មករាជធានីភ្នំពេញ និងបាត់ដំបង ។

លោកបន្តថា ការប្រឡងសរសេរតាមអានសំណេរអង្គរ គណៈកម្មការ​នឹងចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជន បន្ទាប់ពីចប់​ការ​ប្រឡង ហើយ​នឹងប្រកាសលទ្ធនារសៀលថ្ងៃដដែល ។សម្រាប់ជ័យ​លាភីនឹង​ត្រូវ​បែងចែកជា២ គឺ​បេក្ខជនអាយុ១៨​ឆ្នាំ​ចុះក្រោម មានជ័យ​លាភី​លេខ១ដល់លេខ៣ និងបេក្ខជនអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ​១ដល់លេខ៣ ដូចគ្នា និង ជ័យលាភីអក្សរស្អាត និងជ័យលាភីផ្សេងៗ​ទៀតផងដែរ ។

សូមជម្រាបថា ព្រឹត្តិការណ៍សំណេរអង្គរ សហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និង សមាគមក្លឹប​ទេសចរណ៍ខេត្តសៀមរាប ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner