ស្លាប់ ១៩នាក់ អំឡុងការវាយប្រហារប្លុកអគារប្រធានាធិបតីឆាដ
បរទេស៖ រដ្ឋាភិបាលឆាដបាននិយាយថា ខ្មាន់កាំភ្លើងបានប៉ុនប៉ងវាយលុកអគារប្រធានាធិបតី ក្នុងរដ្ឋធានី N’Djamena របស់ប្រទេសឆាដ កាលពីថ្ងៃពុធ ដោយបានបង្កឱ្យមានការប្រយុទ្ធគ្នា នៅបរិវេណវិមានប្រធានាធិបតី បណ្តាលឲ្យអ្នកវាយប្រហារ ១៨នាក់ និងបុគ្គលិកសន្តិសុខម្នាក់ បានស្លាប់។
ប្រភពពីសន្តិសុខ បាននិយាយថា អ្នកវាយប្រហារ គឺជាសមាជិកនៃក្រុមជីហាដ Boko Haram ប៉ុន្តែ ក្រោយមក អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីការបរទេស លោក Abderaman Koulamallah បាននិយាយថា ពួកគេមិនមែនជាភេរវករទេ ដោយពណ៌នាពួកគេថា ជាក្រុមមនុស្សស្រវឹងស្រា និងមានប្រើប្រាស់គ្រឿងញៀន ដោយបានធ្វើតេស្តរកឃើញសារធាតុញៀន ក្នុងខ្លួនអ្នកវាយប្រហារមួយចំនួន ដែលនៅមានជីវិត។
ផ្លូវទាំងអស់ ឆ្ពោះទៅកាន់វិមានប្រធានាធិបតី ត្រូវបានបិទ ហើយរថក្រោះ អាចត្រូវបានគេមើលឃើញ នៅតាមដងផ្លូវ។ រីឯ ជនស៊ីវិលបានប្រញាប់ប្រញាល់ ចេញពីកណ្តាលទីក្រុង ដោយជិះរថយន្ត និងម៉ូតូ ហើយ ប៉ូលីសប្រដាប់អាវុធត្រូវបានគេឃើញ នៅចំណុចជាច្រើន នៅក្នុងតំបន់។
ប្រទេសឆាដ ប្រឈមនឹងការវាយប្រហារ ជាប្រចាំដោយក្រុម Boko Haram ជាពិសេស នៅតំបន់បឹងឆាដ ភាគខាងលិច ដែលជាប់ព្រំដែន ប្រទេស កាមេរូន និងនីហ្សេរីយ៉ា។ ថ្មីៗនេះ ប្រទេសឆាដ ទើបបានបញ្ចប់កិច្ចព្រមព្រៀងយោធា ជាមួយអតីតអាណានិគមមហាអំណាចបារាំង។
ការបាញ់កាំភ្លើងបានផ្ទុះឡើង នៅរយៈពេល តិចជាងពីរសប្តាហ៍ បន្ទាប់ពីប្រទេសឆាដ បានរៀបចំការបោះឆ្នោតសកល ដោយរដ្ឋាភិបាលបានសាទរថា ជាជំហានសំខាន់ឆ្ពោះទៅរកការបញ្ចប់ការគ្រប់គ្រងដោយយោធា ប៉ុន្តែ ត្រូវបានសម្គាល់ថា មានអ្នកចូលរួមបោះឆ្នោតតិចតួច និងរងការចោទប្រកាន់ ពីក្រុមប្រឆាំងថា ជាការក្លែងបន្លំ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត