កសិករឃុំបុសលាវ កំពុងរីករាយក្នុងការប្រមូលផលស្រូវ ដែលទទួលគ្រាប់ពូជពីរាជរដ្ឋាភិបាល
ក្រចេះ៖ខណៈនេះប្រជាកសិករ នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះកំពុងរីករាយក្នុងការប្រមូលផលស្រូវ ដែលជាពូជស្រូវ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្តក្រចេះ ដើម្បីធ្វើការដាំដុះ និងស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ នៅក្នុងរដូវវស្សាកន្លងមក។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះរួមជាមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៨ ខែមករាឆ្នាំ២០២៥បានអញ្ជើញទៅពិនិត្យការប្រមូលផល
របស់កសិករដោយផ្ទាល់ ។នៅទីនោះឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ដូចជាគ្រោះទឹកជំនន់នាពេលថ្មីៗនេះដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានភាពល្អប្រសើរឡើងវិញ។
កសិករដែលទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា គ្រាប់ពូជស្រូវដែលទទួលបានកន្លងមកនេះបានដាំដុះលូតលាស់ល្អ និងមិនមានការបំផ្លាញពីសត្វល្អិតទេ។កសិករមានសេចក្តីត្រេកអរ និងអរគុណចំពោះការជួយអន្តរាគមន៍ភ្លាមៗ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រោយពីទឹកជំនន់ ដូចជា ផ្តល់ពូជស្រូវ និងស្បៀងអាហារ ដើម្បីស្ដារការដាំដុះឡើងវិញបានទាន់ពេលវេលា និងអាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់ បានមួយផ្នែកធំក្នុងពេលជួបការលំបាក៕
ដោយ៖ឡុង សំបូរ