ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកការបើកសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេសអាយ អេស អាយ ជានិមិត្តរូបនៃការរស់ឡើងវិញនៃសង្គមជាតិ ដែលនឹងបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនូវការចូលរួមអបអរសាទរ និងចាត់ទុកការបើកសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ គឺជានិមិត្តរូបនៃការរស់ឡើងវិញ នៃសង្គមជាតិហើយនឹងបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា ។

នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

លោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃ ISI GROUP បានឲ្យដឹងថា បន្ទាប់ពីភាពជោគជ័យរបស់តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង និងសួនឧស្សាហកម្មទំនើប ISI PARK ផ្លូវជាតិលេខ2 ISI GROUP បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តលើកកម្ពស់វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធ កម្រិតខ្ពស់ និងការអនុវត្តកិច្ចសហការថ្មី ដែលមានគោលដៅក្នុងការការសាងសង់ និងដឹកនាំដោយ ភាពច្នៃប្រឌិតឈានមុខគេ និងការបង្កើតឧស្សាហកម្មចម្រុះដ៏រស់រវើកសម្រាប់ភាពរីកចម្រើនទៅដ ល់វិស័យផ្សេងៗ និងសហគមន៍ជុំវិញ»។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា កម្ពុជាកំពុងតែបោះជំហានទៅមុខក្នុងសម័យកាលសុខសន្តិភាពបន្ទាប់ពីបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហើយបច្ចុប្បន្នកំពុងតែបំពេញនូវអ្វីដែលបានបាត់បង់ទាំងនោះឡើងវិញ និងធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានបំណងចង់កសាងនូវបុរីជនបទដែលមានន័យថានៅគ្រប់ទីកន្លែងទូទាំងប្រទេសគឺត្រូវមាន ផ្លូវ ទឹក ភ្លើង ប្រើប្រាស់គ្រប់គ្រាន់ដូចគ្នា និងក្លាយជាភូមិឋានក្សេមក្សាន្ត មានកន្លែងធ្វើការងារ កន្លែងកំសាន្ត កន្លែងហូបចុក ប្រជាពលរដ្ឋរស់នៅសុខសាន្តនិងមានទ្រនំសុភមង្គល ដោយកូនចៅប្រជាពលរដ្ឋទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា មានសីលធម៌ចរិយាមារយាទល្អ មានការងារធ្វើ មានប្រាក់ចំណូល មានអាហារហូបចុកគ្រប់គ្រាន់និងមានលំនៅឋានរស់នៅសមរម្យគ្រប់ៗគ្នា ដែលទាំងនេះគឺជាដំណើរដ៏ត្រឹមត្រូវបំផុតសម្រាប់យើងទាំងអស់គ្នាឆ្ពោះទៅកាន់ការកសាងសហសម័យកម្ពុជា ជាផលដ៏ធំធេងដែលបានមកពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អ្វីដែលយើងឃើញនៅថ្ងៃនេះគឺជាផ្តើមចេញពីការបីបាច់ថែរក្សារបស់ឪពុកម្តាយក្នុងក្រុមគ្រួសារ ដែលបានបង្កើតមនុស្សល្អ និងសកម្មជាច្រើនក្នុងសង្គម។ ការវិវត្តន៍នេះនាំឱ្យមានការផ្លាស់ប្តូរសហគ្រាសពីលក្ខណៈគ្រួសារមកជាឧស្សាហកម្មមួយដែលផ្តល់ការងារជាច្រើន និងបង្កើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជា។

ជាក់ស្ដែង ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បានពង្រីកការវិនិយោគបន្ថែមទៀត ដែលជាសមិទ្ធផលដ៏ល្អដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន។ ឯកឧត្តមបានចាត់ទុកថា វឌ្ឍនភាពរបស់ក្រុមគ្រួសារ និងសហគ្រាសនៅបច្ចុប្បន្ន ជាការកសាងមាតុភូមិដែលនាំឱ្យសួនឧស្សាហកម្មនេះក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍជំនាញ និងការប្រកួតប្រជែងជាសកល ។

អ្វីដែលសំខាន់តាមរយៈផលិតផលទាំងអស់នេះនឹងធ្វើឱ្យប្រាក់ចំណូលជាច្រើនហូរពីក្រៅប្រទេសមកកម្ពុជា ហើយដែលនឹងផ្តល់ត្រលប់មកវិញនូវការងារជាច្រើនដល់ប្រជាជនកម្ពុជាធ្វើ ដើម្បីបង្កើនប្រាក់ចំណូល ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូបទទួលទានជាដើម ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner