រយៈពេល ២ឆ្នាំចុងក្រោយ ក្រសួងកសិកម្មបានទទួលភាពជោគជ័យជាបន្តបន្ទាប់ លើការបង្កើនទិន្នផលត្រី ជូនប្រជាពលរដ្ឋបរិភោគគ្រប់គ្រាន់

(ខេត្តកណ្តាល)៖ ក្រសួងកសិកម្មបានទទួលភាពជោគជ័យជាបន្តបន្ទាប់ ក្នុងការសម្រេចទិសដៅមានត្រីគ្រប់គ្រាន់ឲ្យពលរដ្ឋបរិភោគ សំដៅប្រជាពលរដ្ឋមានសុខភាពល្អ និងអាហាររូបត្ថមគ្រប់គ្រាន់ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនៃដំណើរទស្សនកិច្ចចុះពិនិត្យមើលពីវឌ្ឍនភាពការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន នៅស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានសម្តែងនូវការសាទរចំពោះផលត្រីក្នុងឆ្នាំនេះ និងបញ្ជាក់ពីលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកន្លងមក ។

នៅក្នុងដំណើរទស្សនកិច្ចពិនិត្យមើលផលនេសាទត្រីប្រហុកនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯក អគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន, ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងក្រុមអ្នកសារព័ត៌មានជាតិច្រើនសិបនាក់ផងដែរ ។

ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ការជ្រើសទីតាំងដាយនោះ ក៏ដោយសារជាទីតាំងដាយដែលអាចកំណត់បានពីផលត្រីថាបានច្រើនឬតិច តាមរយៈការពិនិត្យមើលពីចរាចររបស់ត្រីដែលហែលពីបឹងទន្លេសាបចូលក្នុងទន្លេមេគង្គដោយការសន្មត់ថា ប្រសិនបើការចាប់បានច្រើន នោះមានន័យថាចំនួនត្រីបានកើនច្រើនទៅតាមនោះដែរ ។ របាយការណ៍ឆ្នាំ២០២៤កន្លងទៅបានបង្ហាញថា បរិមាណត្រីបានកើនឡើង ៥% ធៀបនឹងឆ្នាំ២០២៣ និងបើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ការប៉ាន់ស្មានបឋមបរិមាណត្រីឆ្នាំនេះ បានបន្តកើនឡើង ១០% បន្ថែមទៀត បើធៀបនឹងឆ្នាំកន្លងទៅ ។

ក្រសួងកសិកម្មដើម្បីសម្រេចគោលដៅនៃសន្តិសុខស្បៀង បានប្រឹងប្រែងធ្វើកិច្ចការរជាច្រើន តាមរយៈសកម្ម ភាពគ្រប់គ្រងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផលបានត្រឹមត្រូវ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ផ្តល់នូវអាហារូបត្ថម្ភដែលមានជីវជាតិគ្រប់គ្រាន់។ ឯកឧត្តម នូវបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវបន្តគោរពច្បាប់ជលផល ប្រើប្រាស់ឧបករណ៍ស្របច្បាប់ និងនេសាទតាមច្បាប់កំណត់ ដើម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner