ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់ឆ្នាំ២០២៥-២០២៦

ភ្នំពេញ៖ក្នុងសប្ដាហ៍នេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួល ពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។កម្មវិធីអាហា​រូបករណ៍​នេះបើកទូលាយសម្រាប់និស្សិត និងអ្នក​ស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការ​សិក្សានៅ​ប្រទេសបារំាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសា បារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា អាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុង​ក្របខ័ណ្ឌនៃអាហារូប ករណ៍ ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់​អ្នក​ដែលធ្លាប់បានទទួលកន្លងមក)។កាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍​ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយក​ចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។ ក្រៅពីនេះ ស្ថានទូតបារំាងក៏បានបង្កើតសហ ហិរញ្ញប្បទានអាហារូបករណ៍​ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះមានការ ផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដើម្បី បណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគមនាគមន៍។

ប្រភពដដែលបន្តថានិសិ្សតកម្ពុជាជាង១៧០នាក់កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការផ្តល់​អាហារូបករណ៍ និង ហិរញ្ញប្បទានពីប្រភពនានា រួមមានអាហារូបករណ៍ France Excellence, អាហារូបករណ៍ France Excellence Eiffel, កម្មវិធី Erasmus+ និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញជំនាញជាន់​ខ្ពស់​​​​​(DFMS/DFMSA)។ តាំងពីឆ្នាំ២០១៤មក និស្សិតកម្ពុជាជាង១២០០នាក់ បានទទួលអាហារូបករណ៍ដើម្បី​បន្តការ​សិក្សានៅប្រទេសបារាំង។

ស្ថានទូតបារាំងបានលើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកឱកាសនេះដើម្បីទៅសិក្សានៅប្រទេសបារាំង ដើម្បី​ពង្រឹងចំណេះ​ដឹង និងមានឱកាសការងារច្រើន។ ការសិក្សានៅប្រទេសបារំាងនៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលា​ល្បីៗនឹង​អនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយ​នៅលើពិភព​លោក។ កាលពីឆ្នាំ២០២៣-២០២៤ និស្សិតបរទេសជាង ៤៣០ ០០០ នាក់ ក្នុងនោះនិស្សិតកម្ពុជាជាង៨០០នាក់ បាន​ចុះឈ្មោះសិក្សានៅក្នុងប្រព័ន្ធឧត្តមសិក្សាបារាំង ដែលធ្វើឱ្យបារាំងស្ថិត ក្នុងចំណោមបណ្តាប្រទេសដែលទទួលនិស្សិត​បរទេសឱ្យទៅសិក្សាច្រើន ជាងគេលើលោក។

ស្ថានទូតបារាំងបញ្ជាក់ថា កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ គឺថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។ បេក្ខជនទាំងអស់​ត្រូវទាញយកពាក្យសុំអាហារូបករណ៍ និងអានឯកសារពន្យល់ដោយយកចិត្តទុកដាក់ ដែលមាននៅលើគេហទំព័រ​ស្ថានទូត​បារាំងប្រចាំកម្ពុជា និងនៅលើគេហទំព័រ Campus France Cambodge ។ ចំពោះរាល់ចម្ងល់ទាំងអស់​ទាក់ទង​នឹងការ​សិក្សានៅ ប្រទេសបារាំង និស្សិតអាចទាក់ទងការិយាល័យ Campus France Cambodge ដែលជាទីភ្នាក់ងារ​បារាំង​សម្រាប់លើកកម្ពស់ឧត្តមសិក្សា និងជួយជ្រោមជ្រែងការបំពេញបែបបទទៅសិក្សានៅប្រទេសបារំាង។

អ្នកទំនាក់ទំនង៖ Campus France Cambodge ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលភាសានៃ​វិទ្យាស្ថានបារាំង​នៅកម្ពុជា ផ្ទះលេខ១៨ ផ្លូវ១៨៤ ភ្នំពេញ ,ទូរស័ព្ទ : 076 268 8782 – អ៊ីមែល : [email protected]
www.cambodge.campusfrance.org និង www.facebook.com/campusfrancecambodge៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner