មេដឹកនាំ​អ៊ីរ៉ង់​ ៖ វត្តមានយោធាអាមេរិកនៅ​អ៊ីរ៉ាក់ គឺជារឿង “ខុសច្បាប់”

តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃពុធសប្តាហ៍នេះ បានកត់សម្គាល់ថា វត្តមានយោធាអាមេរិកនៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ គឺជារឿង “ខុសច្បាប់” ហើយជំរុញឱ្យរដ្ឋអារ៉ាប់ក្រោកឈរប្រឆាំងនឹងការរំលោភបំពានរបស់សហរដ្ឋអាមេរិក។

លោក Khamenei បាននិយាយនៅពេលជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia’ al-Sudani នៅទីក្រុងតេហេរ៉ង់ថា មានភស្តុតាងបង្ហាញថា ជនជាតិអាមេរិកកំពុងធ្វើការពង្រីកវត្តមានយោធារបស់ពួកគេនៅក្នុងទឹកដីអ៊ីរ៉ាក់។ ការរំលោភបំពាននេះ គួរតែត្រូវបានប្រឆាំងយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោក Khamenei ផ្ទាល់។

លោក Khamenei ក៏បានលើកឡើងអំពីការវិវត្តន៍ថ្មីៗនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅក្នុងប្រទេសស៊ីរី ដោយសង្កត់ធ្ងន់ថា តួនាទីរបស់កងកម្លាំងខាងក្រៅ គឺបង្ហាញឱ្យឃើញទាំងស្រុងនៅក្នុងព្រឹត្តិការណ៍ដែលបានលាតត្រដាងនៅស៊ីរី។

ចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់វិញ បាននិយាយថា ប្រទេសរបស់លោកតែងតែប្រកាន់គោលជំហរគាំទ្រឆន្ទៈរបស់ប្រជាជនស៊ីរី, ការរក្សាឯករាជ្យភាព និងបូរណភាពទឹកដី រួមទាំងធានាឱ្យមានការបង្កើតរដ្ឋាភិបាលចម្រុះ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានមកដល់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃ សម្រាប់កិច្ចពិភាក្សាស្តីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម។ ក្នុងដំណើរទស្សនកិច្ចនោះ លោកក៏បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner