ឆ្នាំ២០២៥ រដ្ឋាករទឹកបាត់ដំបង នឹងពង្រីកបណ្តាញមេ-មេរងបន្ថែម​នៅក្នុង​តំបន់សេវាកម្មរបស់ខ្លួន

បាត់ដំបង៖ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានបញ្ជាក់ថា នៅឆ្នាំ២០២៥រដ្ឋាករទឹកបាត់ដំបង នឹង​ពង្រីកបណ្តាញមេ-មេរងបន្ថែមនៅ​ក្នុងតំបន់សេវាកម្មរបស់ខ្លួនពង្រឹងលើការងារថែទាំ ជួសជុល ប្រព័ន្ធផលិតកម្ម និងរៀបចំ​បង្កើននូវការបំពាក់ក្បាលវ៉ានបាញ់ទឹកសម្រាប់រថយន្តពន្លត់​អគ្គិភ័យបន្ថែមទៀត។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំរបស់រដ្ឋាករទឹកបាត់ដំបងប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​អនុវត្ត​ការងារបន្តឆ្នាំ២០២៥ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុត ក្លឹង បានបញ្ជាក់ថា ជាទិសដៅបន្ត រដ្ឋាករ​ទឹកបាត់ដំបង នឹងពង្រីកបណ្តាញមេ-មេរងបន្ថែមនៅក្នុងតំបន់សេវាកម្ម​របស់ខ្លួន​ពង្រឹងលើការងារថែទាំ ជួសជុល ប្រព័ន្ធ​ផលិតកម្ម និងរៀបចំបង្កើន​នូវការបំពាក់ក្បាលវ៉ានបាញ់ទឹកសម្រាប់រថយន្តពន្លត់អគ្គីភ័យបន្ថែមទៀត នៅតាមតំបន់​ទីប្រជុំជន និងថែទាំក្បាលវ៉ានអគ្គិភ័យ ដែលមានស្រាប់ ដើម្បី​ធានាបាន នៅពេលអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបាន​ទាន់ពេលវេលា ក្នុង​ករណីកើតមានគ្រោះអគ្គិភ័យជាយថាហេតុកើតឡើង។

បច្ចុប្បន្នក្រុមការងារកំពុងតែពន្លឿននូវការសាងសង់ស្ថានីយបូមទឹកឆៅថ្មី និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីមួយកន្លែង មានសមត្ថភាពផលិត៥០ ០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ដែលមានទីតាំង នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុង​បាត់ដំបង និងការងារពង្រីកបំពង់មេទឹកស្អាតប្រវែង ៩៤គីឡូម៉ែត្រ ។

ឯកឧត្តមអគ្គនាយកបានបញ្ជាក់បន្ថែមថា សមត្ថភាពរោងចក្រផលិតទឹកស្អាតថ្មី ខាងលើនេះ​បូករួមជាមួយរោងចក្រផលិត​ទឹក​ស្អាតដែលបាននិងកំពុងដំណើរ​ការប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន ចំនួន២ទីតាំង អាចនឹងធ្វើឱ្យរដ្ឋាករទឹកបាត់ដំបង​មាន​សមត្ថភាពក្នុងការផលិតទឹកស្អាត កើនដល់ទៅ ៨៣ ៥២០ម៉ែត្រគូប ក្នុងមួយថ្ងៃ និង បំពង់បណ្តាញទឹកស្អាត មាន​ប្រវែងសរុប ៩២២គីឡូម៉ែត្រ និងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយក្នុងការផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែអាច​គ្របដណ្តប់ក្នុងដែនសេវាកម្មអាជ្ញាបណ្ណ រដ្ឋាករទឹកបាត់ដំបង​ផ្ទាល់ប៉ុណ្ណោះទេ គឺអាចមានលទ្ធភាពចែកចាយនៅតំបន់​ខាងក្រៅ​ផ្សេងៗទៀត​ដែលស្ថិតនៅជិតជុំវិញនោះទៀតផង។

ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានគូសរំលេចថា ការអភិវឌ្ឍរោងចក្រផលិតទឹកស្អាតខ្នាតធំនេះ ដើម្បី​ឆ្លើយតបទៅនឹង​កំណើនប្រជាពលរដ្ឋ និង ពីតម្រូវការទឹកស្អាត ព្រមទាំងការអភិវឌ្ឍក្រុង និងទីប្រជុំជននានាក្នុងការ​លើក​កម្ពស់សុខភាពសាធារណៈ និង ជីវភាព របស់ប្រជាជន ស្របតាមគោលនយោបាយ​របស់រាជរដ្ឋា​ភិបាលកម្ពុជា ដែលផ្តោត​សំខាន់លើផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ ធនធានមនុស្សផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner