ផ្ទុះយន្តហោះប្រេស៊ីលស្លាប់មនុស្ស ពេលចុះចត
បរទេស៖ រូបភាពផ្ទុះយន្តហោះឯកជន ក្នុងពេលចុះចត នៅអាកាសយានដ្ឋាន ប្រទេសប្រេស៊ីល បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង របួស៤នាក់ ត្រូវបានបង្ហាញឲ្យឃើញស្តែងៗ កាលពីថ្ងៃព្រហស្បតិ៍។
យន្តហោះឯកជនមួយគ្រឿងនេះ បានធ្លាក់ចេញពីលើផ្លូវរត់ ហើយក៏ផ្ទុះចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅចំណុចមួយនៃតំបន់ឆ្នេរ Cruzeiro ខណៈពេលដែលវាព្យាយាមចុះចត នៅឯអាកាសយានដ្ឋាន Ubatuba ស្ថិតនៅក្នុងទីក្រុង Sao Paulo ។ អ្នកបើកយន្តហោះ បានស្លាប់ ចំណែកអ្នកដំណើរ៤នាក់ទៀត ត្រូវបានជួយសង្គ្រោះ ដោយនៅមានជីវិតរស់។ ក្រៅពីអ្នកដំណើរ ក៏មានស្ត្រីម្នាក់ និងកុមារម្នាក់ បានរងរបួស ដោយសារតែការផ្ទុះយន្តហោះ ពេលនោះដែរ។
យន្តហោះខ្នាតតូច Cessna 525 CitationJet CJ1 Plus ដែលត្រូវបានផលិតក្នុងឆ្នាំ២០០៨ មួយគ្រឿងនេះ បានជួបហេតុការណ៍អាក្រក់នេះ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥។
ព័ត៌មានលម្អិតអំពីហេតុផល នៅពីក្រោយការធ្លាក់យន្តហោះ ដែលត្រូវបានគេស្គាល់ថា មានសមត្ថភាពអាចដំណើរការលើផ្លូវរត់បានខ្លី មួយគ្រឿងនេះ នឹងត្រូវបង្ហាញឱ្យដឹង បន្ទាប់ពីការស៊ើបអង្កេត យ៉ាងម៉ត់ចត់ ពីអាជ្ញាធរមានសមត្ថកិច្ច៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត