Trump អះអាងថា កំពុងរៀបចំជំនួបជាមួយ Putin
បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងធ្វើការ ដើម្បីបង្កើតឲ្យមានកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
«គាត់ចង់ជួប ហើយយើងកំពុងរៀបចំ ឲ្យមានជំនួបនេះ» នេះគឺជាអ្វីដែលលោក Trump បានប្រាប់ Fox News នៅឯរមនីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida
អំឡុងពេលកិច្ចប្រជុំ ជាមួយក្រុមអភិបាល នៃគណបក្សសាធារណរដ្ឋ កាលពីព្រហស្បតិ៍។
នៅពេលនិយាយអំពីសង្គ្រាម នៅអ៊ុយក្រែន លោក Trump បានកត់សម្គាល់ថា «ខ្ញុំមានទំនាក់ទំនង ជាមួយមេដឹកនាំពិភពលោកជាច្រើន មួយរយៈចុងក្រោយនេះ តែ មិនទាន់បាននិយាយ ជាមួយលោក ពូទីន នៅឡើយទេ។ ប៉ុន្តែ លោកប្រធានាធិបតី ពូទីន ចង់ជួបខ្ញុំ គាត់បាននិយាយ ជាសាធារណៈ ហើយយើងត្រូវតែបញ្ចប់សង្គ្រាមនោះ ដែលជាការបង្ហូរឈាម»។
លោក Trump បានប្តេជ្ញាបញ្ចប់សង្រ្គាម រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានចាប់ផ្តើម តាំងពីដើមឆ្នាំ២០២២។ លោក Trump បាននិយាយថា លោកនឹងនាំលោក Putin និង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មកកាន់តុចរចា។ យ៉ាងណាមិញ អស់រយៈពេល ជាច្រើនឆ្នាំមកនេះ លោក Trump បានរងការរិះគន់ច្រើន ពីគណបក្សប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក ជុំវិញទំនាក់ទំនងរបស់លោក ជាមួយលោក ពូទីន ដោយក្នុងនោះ គូប្រជែងនយោបាយ បានចោទប្រកាន់ប្រធានាធិបតី ជាប់ឆ្នោតរូបនេះថា មាន «ភាពរួសរាយរាក់ទាក់ពេកហើយ» ក្នុងការសម្របសម្រួល ជាមួយមេដឹកនាំផ្តាច់ការ នៃ ប្រទេសរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត