ស្ងាត់ៗ! តួឯកប្រុសស្រីក្នុងរឿងហូលីវូត “មនុស្សពីងពាង” ភ្ជាប់ពាក្យនឹងគ្នា
វ៉ាស៊ីនតោន ៖ ផ្តើមចេញពីការសម្តែងរួមគ្នារហូតក្លាយជាដៃគូជីវិត នៅទីបំផុតតួឯកប្រុសស្រីក្នុងខ្សែភាពយន្តហូលីវូដ មនុស្សពីងពាង ឬ Spider-Man គឺលោក Tom Holland និងនាង Zendaya បានឈានដល់ការភ្ជាប់ពាក្យនឹងគ្នាហើយ បន្ទាប់ពីបានផ្សារភ្ជាប់ទំនាក់ទំនងស្នេហាអស់ពេល ៤ឆ្នាំ។
បង្ហាញខ្លួនជាមួយរ៉ូបពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាតលើកម្រាលព្រំក្រហម នៃកម្មវិធីពានរង្វាន់ Golden Globes នាពេលថ្មីៗនេះ តារាសម្ដែងអាមេរិកនាង Zendaya វ័យ ២៨ឆ្នាំ បានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនគ្រប់គ្នា ជាពិសេសចិញ្ចៀនពេជ្រនៅដៃនាងខាងឆ្វេង ដែលត្រូវបានគេជឿថា ជាចិញ្ចៀនភ្ជាប់ពាក្យរបស់នាងជាមួយគូស្នេហ៍ គឺតារាសម្ដែងអង់គ្លេស Tom Holland វ័យ ២៨ឆ្នាំ។
សារព័ត៌មាន TMZ បានរាយការណ៍ថា តួឯកស្រីប្រុសរឿង មនុស្សពីងពាង មួយគូនេះ ពិតជាបានភ្ជាប់ពាក្យនឹងគ្នារួចហើយមែន ដោយលោក Tom Holland បានលត់ជង្គង់សុំនាង Zendaya រៀបការក្នុងពិធីជួបជុំបែបឯកជននៅថ្ងៃបុណ្យគ្រិស្តម៉ាស និងចូលឆ្នាំសកលកន្លងទៅ នៅផ្ទះសាច់ញាតិរបស់នាង Zendaya នៅសហរដ្ឋអាមេរិក។
បើទោះជាបានភ្ជាប់ពាក្យហើយក៏ពិតមែន ប៉ុន្តែតារាប្រុសស្រីវ័យ ២៨ឆ្នាំទាំងពីរ បើតាមសេចក្តីរាយការណ៍ ពួកគេនៅពុំទាន់មានគម្រោងកាន់ដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះនោះទេ។
តារាហូលីវូដនាង Zendaya និងលោក Holland បានចាប់ផ្ដើមទំនាក់ទំនងស្នេហាកាលពីឆ្នាំ២០២១ បន្ទាប់ពីបានសម្ដែងរួមគ្នាក្នុងខែ្សភាពយន្ត “Spider-Man”។ អ្នកទាំងពីរបានក្លាយជាគូស្នេហ៍ដែលមានអ្នកគាំទ្រច្រើនបំផុតមួយគូក្នុងពិភពហូលីវូដ ទោះបីជាពួកគេមិនសូវបង្ហាញទំនាក់ទំនងជាសាធារណ និងចូលចិត្តរក្សាឯកជនភាពក៏ដោយ៕
ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា