សមត្ថកិច្ចកម្ពុជាបញ្ជូនខ្លួនខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឱ្យភាគីថៃ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចកម្ពុជាបានបញ្ជូនខ្លួនជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ ទៅឱ្យភាគីថៃហើយ ដើម្បីចាត់ការតាមនីតិវិធី។ ការប្រគល់ជនសង្ស័យធ្វើនៅច្រកទ្វារប៉ាយប៉ែតខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ Ekkalak Pheanoi ជនជាតិថៃ បានបញ្ជូនខ្លួនដើម្បីប្រគល់ទៅឱ្យភាគីថ្ងៃកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។
សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។ ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យរូបនេះបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី៕
ដោយ៖ពលជ័យ