កម្ពុជាបញ្ជូនជនជាតិថៃជាឃាតករ បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យអាជ្ញាធរថៃ
បន្ទាយមានជ័យ៖ បុរសជនជាតិថៃ ដែលជាជនជាប់សង្ស័យធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ឱ្យសមត្ថកិច្ចថៃនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ។

ជនសង្ស័យឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៨ ខែមករា បន្ទាប់រត់គេចចេញពីប្រទេសថៃចូលមកកម្ពុជា ក្រោយការបង្កឃាតកម្ម។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ការចាត់បញ្ជូនជនសង្ស័យនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបានកើតឡើងនៅក្នុងប្រទេសថៃ។

សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើងខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ៕
ដោយ៖ឃិន គន្ធា

