ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ ជ័យជម្នះ ៧មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់យើង ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម
(ព្រៃវែង)៖ ជ័យជម្នះ ៧មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់យើង ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ សូមប្រជាជនកម្ពុជាចងចាំជានិច្ចថា “ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧មករា យើងក៏គ្មានអ្វីៗ ដូចថ្ងៃនេះដែរ”។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) នៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ៦០០នាក់មកពីស្រុកចំនួនបី គឺស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកបាភ្នំ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ថ្ងៃទី៧ មករា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ខួបទី ៤៦ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត។

ការជួបជុំគ្នានេះ ក៏ក្នុងគោលបំណង ផ្សព្វផ្សាយនូវសមិទ្ធផលរបស់រដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងរយៈពេល ជាង១៧ខែកន្លងមកនេះ។

ឯកឧត្តម បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាយើង មាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសកម្ពុជា ឱ្យចេញពីស្ថានភាពក្រីក្រលំបាក ខ្វះខាត ដែលមជ្ឈដ្ឋានអន្តរជាតិធ្លាប់ល្បីថា កម្ពុជាជាតំបន់អសន្តិសុខ មានសង្គ្រាមផ្ទៃក្នុង តែឥឡូវត្រូវបានប្រែក្លាយទៅជាសម្បូរសប្បាយ ជាកោះសន្តិភាព និងជាប្រទេសដែលទទួលបានប្រជាប្រិយភាពការទូត ទាំងក្នុងតំបន់ និងសកលលោក។

ក្នុងន័យនេះ យុវជនកម្ពុជាដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា មានភារកិច្ចចូលរួមចំណែកធានានិរន្តរភាពនៃការដឹកនាំប្រទេសដោយត្រូវខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ដើម្បីសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនក៏ដូចជាការរួបរួមប្រមូលផ្តុំកម្លាំងសាមគ្គី ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិឱ្យបន្តភាពរុងរឿងតទៅមុខទៀត ៕
ដោយ ៖ ហេង សម្បត្តិ



