បេក្ខជនជិត ១ពាន់នាក់ បន្តប្រឡង លើវិញ្ញាសារសរសេរលើកទី២ សម្រាប់ក្របខណ្ឌមន្ត្រីពន្ធដារ
(ភ្នំពេញ)៖ បេក្ខជនចំនួន ៨០៨នាក់ (ស្រី ៤៤៦នាក់) ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ បានមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ដែលបានចាប់ផ្តើមដំណើរការប្រឡងនៅម៉ោង ១២:០០នាទី លើវិញ្ញាសាជំនាញពន្ធដារ ។

ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

សូមបញ្ជាក់ថា សាស្ត្រាចារ្យ ២២រូប ដែលជាអនុគណៈកម្មការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យប្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ (វិញ្ញាសាសរសេរលើកទី២) ។ សម្រាប់សាស្ត្រាចារ្យមួយរូប ត្រូវតាក់តែងវិញ្ញាសា ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទី១, ជម្រើសទី២ និងជម្រើសទី៣ មកបញ្ចូលគ្នា។

សូមជម្រាបថា វិញ្ញាសាដែលសាស្ត្រាចារ្យតាក់តែងលើប្រធានវិញ្ញាសាជំនាញចំនួន៥ ដែលចែកចេញជា ២ឧបសម្ព័ន្ធរួមមាន៖ ជំនាញពន្ធដារ ជំនាញរដ្ឋបាលសាធារណៈ ជំនាញច្បាប់ ជំនាញសេដ្ឋកិច្ច និងជំនាញគណនេយ្យ៕
ដោយ ៖ ង៉ាន់ ទិត្យ





