អ៊ីរ៉ង់បង្អួតឃ្លាំងកាំជ្រួចក្រោមដី និងសំងំផលិតមីស៊ីលពិសេសថ្មី
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីទីតាំងផ្ទុកមីស៊ីលក្រោមដី ហើយថែមទាំងបានប្រកាសក្តែងៗកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនកំពុងសំងំផលិត “មីស៊ីលពិសេសថ្មី” ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។

មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ឧត្តមសេនីយ៍ទោ Hossein Salami និងឧត្តមសេនីយទោ Amir Ali Hajizadeh បានធ្វើទស្សនកិច្ចនៅទីតាំងផ្ទុកមីស៊ីលនេះ។ ស្របពេលជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ Hossein Salami បានគូសបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ប្រព័ន្ធ និងមីស៊ីលជាច្រើនត្រូវបានបន្ថែមនៅទីតាំងនៃដែនដីនេះ។

ប្រហែលជាសត្រូវគិតថា ថាមពលផលិតរបស់យើងនៅជាប់ទ្រឹង ប៉ុន្តែអត្រាកំណើននៃថាមពលមីស៊ីលរបស់យើងគឺរីកចម្រើន។ ចំណែកឧត្តមសេនីយទោ Hajizadeh បានហៅទីតាំងផ្ទុកមីស៊ីលនេះថា ជា “ភ្នំភ្លើងដែលស្ងប់ស្ងាត់”។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN ការបញ្ចេញវីដេអូសម្ញែងឃ្លាំងស្តុកមីស៊ីលនេះ បានសបញ្ជាក់ថា អ៊ីរ៉ង់មានបំណងបង្ហាញសាច់ដុំយោធា ត្បិតខ្លួនមិនចង់បាត់បង់អំណាចនៅក្នុងតំបន់ បើទោះបីជាកងកម្លាំងដែលអ៊ីរ៉ង់គាំទ្រនៅលីបង់ ហ្កាហ្សា និងយេម៉ែន ស្ថិតនៅក្រោមការវាយប្រហារដោយអ៊ីស្រាអែល និងការដួលរលំនៃរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏ដោយ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា