ធ្លាក់យន្តហោះមួយគ្រឿងនៅកូឡុំប៊ី ផ្តាច់ជីវិតមនុស្ស ១០នាក់
បូហ្គោតា ៖ អាជ្ញាធរកូឡុំប៊ីបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី។

យន្តហោះដែលដំណើរការដោយក្រុមហ៊ុន Pacifica Travel ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលធ្វើដំណើរពីតំបន់ Jurado ឆ្ពោះទៅកាន់ទីក្រុង Medellin បន្ទាប់មកវាបានធ្លាក់នៅតំបន់ជនបទនៃទីក្រុង Urrao ហើយនៅលើយន្តហោះនោះ មានផ្ទុកពីឡុត២នាក់ និងអ្នកដំណើរ៨នាក់។

ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យនៃទីក្រុង Antioquia លោក Carlos Rios Puerta បាននិយាយថា ជាអកុសល ហេតុការណ៍ធ្លាក់យន្តហោះនេះ មិនមានអ្នកនៅរស់រានមានជីវិតទេ។ យើងមានបុគ្គលិក ៣៧នាក់ដែលកំពុងធ្វើការនៅទីតាំងកើតហេតុនោះ ហើយយើងកំពុងពន្លឿនដំណាក់កាលទីពីរ ដែលពាក់ព័ន្ធនឹងប្រមូលសាកសពជនរងគ្រោះ និងការសម្របសម្រួលជាមួយប៉ូលិសយុត្តិធម៌។
ក្រុមហ៊ុនអាកាសចរណ៍ Pacifica Travel បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយដល់គ្រួសារជនរងគ្រោះ ដោយបាននិយាយថា យើងនឹងនៅជាមួយពួកគេគ្រប់ពេលវេលា ដោយផ្តល់ជំនួយ និងបំពេញរាល់តម្រូវការដែលកើតចេញពីព្រឹត្តិការណ៍សោកនាដកម្មនេះ។
ទន្ទឹមគ្នា ក្រសួងដឹកជញ្ជូន និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបានមកជួបជុំគ្នានៅឯអាកាសយានដ្ឋាន Medellin ខណៈដែលអាជ្ញាធរអាកាសចរណ៍ស៊ីវិលបានបើកការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា