ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក លើកទី១ ឆ្នាំ២០២៥ ជាការបញ្ជ្របឱ្យយុវជនជំនាន់ក្រោយបន្តចងចាំទិវាជ័យជម្នះ ៧មករា
(ភ្នំពេញ)៖ សមាគមន៍កីឡាតេក្វាន់ដូរាជធានីភ្នំពេញ សម្ព័ន្ធកីឡាតេក្វាន់ដូនាគរាជ ខ្មែរ អាមេរិកកាំង និងកិច្ចសហការគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក លើកទី១ ឆ្នាំ២០២៥ រយៈពេល២ថ្ងៃ នៅអាគារ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ប្រកួតនេះ នឹងក្លាយជាការប្រកួតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យកុមារ៉ាកុម៉ារីតូច និងយុវជនយុវនារី ដែលបណ្តុះបណ្តាលកីឡាតេក្វាន់ដូនៅតាមសាលារដ្ឋ ក្នុងរាជធានីភ្នំពេញទទួលបានការចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាព ដែលបានខិតខំហ្វឹកហាត់ និងជាការក្រើនរំដល់យុវជនជំនាន់ក្រោយបន្តដឹងលឺនិងចង់ចាំទិវាជ័យជម្នះមករា ១៩៧៩ ដែលជាថ្ងៃផ្តល់នូវជីវិតទី២ជូនពលរដ្ឋខ្មែរ ដោយបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជារបបសាហាវយោងខ្នង កាប់សំលាប់ជីវិតមនុស្សស្លូតត្រង់ប្រមាណជា ៣លាននាក់ ។

លោក សំ សុខយី អគ្គលេខាធិការ សមាគមន៍កីឡាតេក្វាន់ដូរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូនេះ បង្កើតឡើង ដើម្បីចូលរួមអបអរសាទរ ទិវាជ័យជម្នះ៧មករា ១៩៧៩ ខួបលើកទី៤៦ ដែលទិវាស្ថិតនៅក្នុងការចងចាំជានិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា ។

លោក ប៉ាល់ កេតឆែកូវ៉ា ប្រធានកាន់តា និងជាគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានគូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូជើងឯកនេះ ជាព្រឹត្តិការណ៍បង្កើតការប្រកួតប្រជែងសមត្ថភាពមួយ ដែលនិងអាចផលិតបានធនធានតេក្វាន់ដូវ័យក្មេងបន្ថែមសម្រាប់ប្រទេសកម្ពុជាត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៩ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។ អ្នកជំនាញ តេក្វាន់ដូខ្សែក្រវ៉ាត់ខ្មៅ៩ដាន់ មកពីសហរដ្ឋអាមេរិករូបនេះ សង្កាត់ធ្ងន់ទៀតថា ព្រឹត្តិការណ៍ប្រកួតនេះ គឺជាការប្រកួតមួយជួយឱ្យធនធានកីឡាតេក្វាន់ដូនៅតាមសាលារៀនរបស់រដ្ឋកកើតបានធនធានតេក្វាន់ដូមានកាន់តែច្រើន ។ កាលណាកីឡាករកីឡាការិនីមានកាន់តែច្រើននៅក្នុងសាលារៀន ធនធានឆ្នើមៗតំណាងជាតិប្រកួតលើឆាកអន្តរជាតិក៏មានច្រើន។ជាពិសេស ក៏ជាផ្នែកមួយពន្លឿនធ្វើឱ្យកម្ពុជាកាន់តែមានសេដ្ឋកិច្ចរីកចម្រើនផងដែរ។ មានន័យថា សិស្សមានការខិតហ្វឹកហ្វឺកីឡា ទទួលបានសុខភាពល្អ ជៀសឆ្ងាញអំពីអំពើរឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

ដោយឡែក លោក ប៊ុន លឹមហួ អាណាព្យាបាល ដែលបានបញ្ជូនកូនពីរនាក់មកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងនាមលោកជាអាណាព្យាបាលពិតជាមានក្តីសប្បាយរីករាយណាស់ ដែលកូនរបស់លោក បានចូលរួមនៅក្នុងសកម្មភាពកីឡា ព្រោះក្មេងឈានដល់វ័យជំទង់ចាំបាច់ត្រូវតែចូលរួមជាមួយកីឡា ។ ហើយការចូលរួមជាមួយកីឡានេះ មិនត្រឹមតែជួយអភិវឌ្ឍដល់មេគុនប៉ុណ្ណោះនោះទេ ពោលវាជួយដលើការលូតលាស់នៃសាពាង្គកាយ និងប្រាជ្ញាស្មារតីផងដែរ ។

ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក សសយក លើកទី១ ឆ្នាំ២០២៥នេះ ដំណើរការប្រកួតរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅអាគារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មាន ៩ក្លឹបចូលរួម ដែលមានចំនួនកីឡាករកីឡាការិនីចូលរួមចំនួន ១០០០នាក់ ស្ថិតនៅក្រោមសមាគមន៍កីឡាតេក្វាន់ដូ រាជធានីភ្នំពេញ ៕
ថតដោយ ៖ មឿង គឹម រ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ


