ឆ្នាំ ២០២៤ Airbus ប្រគល់យន្តហោះពាណិជ្ជកម្មជាង ៧០០គ្រឿងដល់ដៃអតិថិជន
ប៉ារីស ៖ នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បានប្រគល់យន្តហោះពាណិជ្ជកម្មចំនួន ៧៦៦គ្រឿងដល់ដៃអតិថិជនចំនួន ៨៦ក្រុមហ៊ុន ប៉ុន្តែខ្លួនមិនបានបញ្ចេញតួលេខប្រាក់ចំណូលនោះទេ។
តួលេខនេះខុសគ្នាតិចតួចប៉ុណ្ណោះ បើធៀបនឹងការកំណត់គោលដៅចែកចាយយន្តហោះពាណិជ្ជកម្មឱ្យបានចំនួន ៧៧០គ្រឿងនៅក្នុងឆ្នាំ ២០២៤ ស្របពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលនៅតែជាឧបសគ្គរារាំង និងកង្វះកម្លាំងពលកម្ម។
យន្តហោះត្រកូល A320 នៅតែជាប្រភេទយន្តហោះដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុន Airbus ជាមួយនឹងការបញ្ជាទិញពីអតិថិជនដល់ទៅ ៦០២គ្រឿងក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងលើសឆ្នាំ ២០២៣ ដែលមានត្រឹម ៥៧១គ្រឿង។
នាយកប្រតិបត្តិផ្នែកយន្តហោះពាណិជ្ជកម្មនៃក្រុមហ៊ុន Airbus លោក Christian Scherer បាននិយាយថា យន្តហោះពាណិជ្ជកម្មទាំង ៧៦៦គ្រឿងដែលចែកចាយទៅដល់ដៃអតិថិជនទូទាំងពិភពលោកកាលពីឆ្នាំមុន ក្នុងនោះរួមមានយន្តហោះប្រភេទ A321XLR, A330neo និង A350។
ជាមួយគ្នានេះ លោក Scherer បានក៏កោតសរសើរពីកិច្ចខិតខំប្រឹងប្រែងជាក្រុមដ៏ធំ នៅពីក្រោយលទ្ធផលដ៏ជោគជ័យកាលពីឆ្នាំ ២០២៤ ប៉ុន្តែលោកក៏ទទួលស្គាល់ពីបញ្ហាប្រឈមផ្នែកប្រតិបត្តិការ នៅក្នុងបរិយាកាសស្មុគស្មាញ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus គ្រោងនឹងចេញផ្សាយលទ្ធផលហិរញ្ញវត្ថុពេញមួយឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា



