អត្រាឆ្លងជំងឺគ្រុនផ្តាសាយធំនៅជប៉ុន ស្ទុះឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩

តូក្យូ ៖ ចំនួនអ្នកឆ្លងជំងឺគ្រុនផ្តាសាយធំ ដែលបានរាយការណ៍នៅតាមស្ថាប័នវេជ្ជសាស្ត្រទូទាំងប្រទេសជប៉ុន កាលពីសប្តាហ៍ចុងក្រោយនៃខែធ្នូឆ្នាំមុន បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីចាប់ផ្តើមការកត់ត្រាកាលពីឆ្នាំ ១៩៩៩។

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូឆ្នាំមុន អ្នកជំងឺគ្រុនផ្តាសាយធំប្រមាណ ៣១៧,៨១២នាក់ ត្រូវបានរាយការណ៍នៅទូទាំងស្ថាប័នវេជ្ជសាស្ត្រប្រហែល ៥,០០០ទីតាំង ដែលជាមធ្យមមានមនុស្សជាង ៦៤នាក់ក្នុងមួយមណ្ឌល និងលើសពីកម្រិតព្រមាន ៣០នាក់។

តួលេខនេះបានកើនឡើងបើធៀបនឹងចំនួនពីមុនមានត្រឹមតែជាង ៤២នាក់ ដែលនេះជាការកើនឡើងនៅក្នុងសប្តាហ៍ទី១០ ជាប់ៗគ្នា។ ចំណែកបណ្តាខេត្តចំនួន ៤៧របស់ប្រទេសជប៉ុនទាំងអស់ ក៏បានរាយការណពីការកើនឡើងលើសពីមុន ដែលមានត្រឹមតែ ៤៣នាក់ ពោលគឺច្រើនជាងកម្រិតព្រមាន។

ខេត្ត Oita នៅភាគនិរតីនៃប្រទេសជប៉ុន មានតួលេខអ្នកឆ្លងជំងឺគ្រុនផ្តាសាយខ្ពស់បំផុត ដែលជាមធ្យមមានជាង ១០៤នាក់នៅក្នុងមួយគ្លីនិក បន្ទាប់មកខេត្តផ្សេងទៀតនៅក្នុងតំបន់ គ្យូស៊ូ។

តំបន់ទីប្រជុំជនសំខាន់ៗក៏រងការវាយប្រហារពីជំងឺគ្រុនផ្តាសាយធំផងដែរ ដោយទីក្រុងអូសាកា មានមនុស្សជាមធ្យមចំនួន ៦៧នាក់ក្នុងមួយកន្លែង និងទីក្រុងតូក្យូមានជាង ៥៦នាក់។ ដោយសារចំនួនអ្នកឆ្លងជំងឺគ្រុនផ្តាសាយធំនៅតែបន្តកើនឡើង មន្ត្រីក្រសួងសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងលាងដៃឱ្យបានស្អាតជានិច្ច ដើម្បីការពារការឆ្លងមេរោគ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner