បារាំង ៖ រថភ្លើងក្រោមដីបុកគ្នាដ៏កម្រ បណ្តាលឱ្យមនុស្សជាច្រើននាក់របួស
ប៉ារីស ៖ អាជ្ញាធរបារាំងបានរាយការណ៍ថា រថភ្លើងពីរខ្សែបានរត់បុកគ្នាពេញទំហឹងនៅក្នុងផ្លូវរូងក្រោមដីមួយកន្លែង ដែលនេះជាឧបទ្ទវហេតុដ៏កម្រសម្រាប់ទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួសធ្ងន់ និងស្រាល។
គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៤ទៀបភ្លឺថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅជិតស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុង Strasbourg ដែលជាកន្លែងមមាញឹកបំផុតក្នុងប្រទេសបារាំងនៅខាងក្រៅទីក្រុងប៉ារីស។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង លោក Philippe Tabarot បាននិយាយថា មនុស្សប្រហែល ៣៦នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ខណៈដែលអ្នកពន្លត់អគ្គីភ័យបានអះអាងថា មានចំនួន ៥០នាក់។
វីដេអូមួយដែលត្រូវបានបង្ហោះដោយសាក្សីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់ ជាមួយនឹងរថភ្លើងទាំងពីរបានរងការខូចខាតយ៉ាងខ្លាំងនៅក្នុងផ្លូវរូងក្រោមដីនៅជិតស្ថានីយ៍។ បន្ទាប់ពីបានបុកគ្នា មានរថភ្លើងមួយខ្សែបានក្រឡាប់ ហើយចំពោះមូលហេតុកំពុងស្ថិតក្រោមដំណើរការស៊ើបអង្កេត ពីសំណាក់ការិយាល័យរដ្ឋអាជ្ញាសាធារណៈ។
ភ្លាមៗ ក្រុមគ្រូពេទ្យ និងអ្នកពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅដល់ទីតាំងកើតហេតុ ហើយប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះតាមរថយន្តសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលជនរងគ្រោះផ្សេងទៀតបានទទួលជំនួយបឋមរបស់ស្ថានីយ៍រថភ្លើង។
គួរបញ្ជាក់ថា Strasbourg គឺជាទីក្រុងធំដំបូងគេរបស់បារាំងដែលដាក់ឱ្យប្រើប្រាស់រថភ្លើងក្រោមដីឡើងវិញនៅឆ្នាំ ១៩៩៤ បន្ទាប់ពីសេវាកម្មនេះបានបិទនៅឆ្នាំ ១៩៦០។ ទីក្រុង Strasbourg បានជួបប្រទះឧបទ្ទវហេតុស្រដៀងគ្នានេះក្នុងឆ្នាំ ១៩៩៨ នៅពេលដែលរថភ្លើងមួយខ្សែបានបុកជាមួយរថភ្លើងមួយខ្សែទៀតនៅក្នុងផ្លូវរូងក្រោមដីដូចគ្នា ដែលបណ្តាលឱ្យមនុស្ស ១៧នាក់រងរបួស៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




