ចំនួនអ្នកស្លាប់កើនឡើងដល់ ១៦នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃធំបំផុតក្នុងប្រវត្តិសាស្ត្រទីក្រុង Los Angele
ឡូសអាន់ជីលេស៖ អាជ្ញាធរអាមេរិកបានរាយការណ៍ថា ចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារភ្លើងឆេះព្រៃដ៏កំណាចលេបត្របាក់ទីក្រុង Los Angeles បានកើនឡើងដល់ ១៦នាក់ហើយ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។
ការិយាល័យ County of Los Angeles Medical Examiner បានបោះពុម្ពផ្សាយបញ្ជីអ្នកស្លាប់ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណជនរងគ្រោះទេ។ បើតាមឯកសារនេះ អ្នកស្លាប់ចំនួន ៥នាក់ត្រូវបានរកឃើញនៅក្នុងតំបន់ Palisades និង ១១នាក់ទៀតនៅក្នុងតំបន់ Eaton Fire។
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រជែងនឹងពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំសម្បើម នៅជុំវិញទីក្រុង Los Angeles ខ្យល់បក់បោកខ្លាំង បានរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់ និងធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង។
ចាប់តាំងពីភ្លើងឆេះព្រៃបានឆាបឆេះឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ផ្ទៃដីជាង ៣៦,០០០ហិចតាត្រូវបានឆាបឆេះ និង សំណង់តូច-ធំជាង ១០,០០០កន្លែងត្រូវបានបំផ្លាញ ដែលធ្វើឱ្យវាក្លាយជាគ្រោះអគ្គីភ័យដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Los Angele។
យោងតាមការប៉ាន់ប្រមាណបឋម ភ្លើងឆេះព្រៃដ៏កំណាចនេះបានបង្កការខាតបង់សេដ្ឋកិច្ចអាមេរិកចន្លោះពី ៥២ពាន់លានដុល្លារ ទៅ ៥៧ពាន់លានដុល្លារ ពោលគឺលើសពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំ ២០១៨៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




