សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ
(ភ្នំពេញ)៖ សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ។
រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការណ៍ច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បានកំណត់ថា បន្ទាប់ពីការប្រឡងបានបញ្ចប់មួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការចំនួន ១,៦១៦ច្បាប់ របស់បេក្ខជន ៨០៨នាក់ ដែលបានចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) កាលពីម្សិលមិញ។
សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:០០នាទីព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខសម្ងាត់ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត ។
គួរបញ្ចាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច គឺបែងចែកជាបីដំណាក់កាលគឺ ដំណាក់កាលវិញ្ញាសាសរសេរលើកទី១(បានប្រឡង និងប្រកាសលទ្ធផលរួចរាល់) ដំណាក់កាលសរសេរលើកទី២ និងដំណាក់កាលសំណួរផ្ទាល់មាត់។
ក្រោយឆ្លងកាត់ការប្រឡងទាំង៣ដំណាក់កាល ជំនាញការ នឹងចម្រាញ់យកបេក្ខជនតែ ២៥៧នាក់ប៉ុណ្ណោះ ឱ្យទៅបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ដោយ ៖ ង៉ាន់ ទិត្យ