អាជ្ញាធរខណ្ឌច្បារអំពៅ បានបើកយុទ្ធនា បាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋាន
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរលើសុខភាពជាអាទិភាព និងមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនា ចុះធ្វើការបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម ។
ជាក់ស្ដែងអាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃសៅទី១១ ខែមករា ឆ្នាំ២០២៥ តាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខពួកគាត់ ៕
ដោយ ៖ វណ្ណលុក


