សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ

(ភ្នំពេញ)៖ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលភរិយាទទួលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។

ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលរងគ្រោះថ្នាក់គួរឱ្យសោកសង្រេងជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំង៣រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចំណែកឯ ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នោះ សូមឱ្យបានឆ្លងផុតពីគ្រោះកាចចង្រៃនេះ និងសូមជូនពរឆាប់ជាសះស្បើយឡើងវិញ។

ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមបុណ្យសពនូវថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលទៀត សម្រាប់ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ១៨:០០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅ នៅលើផ្លូវ៦០ម៉ែត បណ្តាលឱ្យមនុស្សមួយគ្រួសារ មានអ្នកស្លាប់ ៣នាក់ និងរងរបួសធ្ងន់ធ្ងរម្នាក់ ក្នុងនោះ៖
១. លោក ហេង រតនា (ត្រូវជាប្តី) ទទួលមរណភាពក្នុងអាយុ ២៩ឆ្នាំ។
២. កុមារា សុភ័ក្រ រាជ្យ (ត្រូវជាកូន) ទទួលមរណភាពក្នុងអាយុ ៣ឆ្នាំ។
៣. កុមារី សុភ័ក្រ យ៉ូរ៉ា (ត្រូវជាកូន) ទទួលមរណភាពក្នុងអាយុជាង ១ឆ្នាំ។
៤. លោកស្រី នន លក្ខណា (ត្រូវជាភរិយា) អាយុ ២៣ឆ្នាំ របួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។

សូមបញ្ជាក់ថា លោក ហេង រតនា មានឋានៈជា ពលបាលត្រី ជាប្រធានក្រុមការិយាល័យបច្ចេកទេសពិនិត្យជាតិផ្ទុះ និងជាតិគីមីពុល នៃបញ្ជាការដ្ឋានអង្គរក្ស។ រយៈពេលកន្លងមក ពលបាលត្រី ហេង រតនា ជានាយទាហានរងមួយរូប ដែលមានស្នាដៃល្អឆ្នើមក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner