ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ ជ្រោងទង់ស្មារតី៧ មករា គឺធានាយ៉ាងពេញលេញនូវសុខសន្តិភាព និង បង្កើនវឌ្ឍនភាពនៃការអភិវឌ្ឍជាតិ
(តាកែវ)៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងថាថា ៧ មករា ១៩៧៩ គឺជាគីឡូម៉ែត្រចេញដំណើរប្រកបដោយភាពស្វាហាប់របស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យមកកាន់ការអភិវឌ្ឍជាលំដាប់ ពីប្រទេសដែលស្ថិតនៅក្នុងភាពក្រីក្រខ្លាំងក្លាយជាប្រទេសដែលត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចាកចេញពីប្រទេសកំពុងអភិវឌ្ឍតិចតួចដោយឈរយ៉ាងរឹងមាំលើទម្រសន្តិភាពយ៉ាងពេញបរិបូរណ៍ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

តាមរយៈអគ្គមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ប្រទេសកម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យ មានសន្តិភាពពេញបរិបូរណ៍ មានស្ថិរភាពនយោបាយសេរីពហុបក្ស លំហសេរីភាពពេញលេញ មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដែលជាទីតាំងស្រូបទាញវិនិយោគិន និងទេសចរបរទេស និងជាទីតាំងប្រារព្ធវេទិកាអន្តរជាតិនានាទាំងក្នុងកម្រិតតំបន់ ទាំងកម្រិតពិភពលោក។

ប្រសាសន៍ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំដូ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ មានសិស្សានុសិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កម្មករ-កម្មការិនី ប្រជាជនសរុប៣០៨នាក់បានជួបជុំគ្នាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧ មករា (១៩៧៩-២០២៥)។

ឯកឧត្តម បានបន្ថែមថា ជាសច្ចភាពដែលប្រជាជាតិកម្ពុជាឯកភាពគ្នាថា គណបក្សប្រជាជនកម្ពុជាគឺជានិម្មិតរូបនៃការថែរក្សាសុខសន្តិភាព ការផ្លាស់ប្តូរកាន់តែប្រសើរ កាន់តែមានវិបុលភាព កាន់តែមានសុខដុម ដោយប្រជាជនកម្ពុជាមានសេរីភាពពេញលេញស្របតាមរដ្ឋធម្មនុញ្ញ។

ក្នុងនាមប្រជាជនទាំងអស់រស់ក្នុងឃុំដូង លោក ណុប ទូច មេឃុំឃុំដូង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំដូងដែលតែងបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅនិងសុខដុមរមនារបស់ប្រជាជន បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ពង្រីកការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានកៀគរសប្បុរសជនទាំងជាតិ ទាំងអន្តរជាតិមកចូលរួមនៅក្នុងរង្វង់នៃការអភិវឌ្ឍមូលដ្ឋានតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់ៗអាណត្តិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោក ឌុច ហាក់ នាយកវិទ្យាល័យ គិតម៉េង ប្រាសាទ តំណាងបញ្ញវន្តដែលបានចូលរួមក្នុងអង្គពិធីនេះបានថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា ហើយប្រជាជនកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តមរតកស្មារតី៧មករា ឱ្យស្ថិតស្ថេរអមតៈ ហើយលោកគាំទ្រទាំងស្រុងនូវប្រសាសន៍របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលបានរំលេចថា «តាមរយៈការរួមគ្នារបស់ប្រជាជនកម្ពុជាជ្រោងទង់ស្មារតី៧មករាដែលមានគណបក្សប្រជាជនកម្ពុជាជាគណបក្សដឹកនាំប្រទេស គឺជាការធានាយ៉ាងពេញលេញបាននូវវប្បធម៌សន្តិភាព និងបង្កើនសន្ទុះនៃការអភិវឌ្ឍសង្គមកម្ពុជា»៕
ដោយ ៖ ង៉ាន់ ទិត្យ

