ក្រុមហ៊ូទីបើកការវាយប្រហារថ្មីប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកនៅសមុទ្រក្រហម

សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូទីនៅយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកសាជាថ្មី ប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំង អាមេរិក USS Harry S. Truman នៅភាគខាងជើងសមុទ្រក្រហម ហើយថា ការវាយប្រហារនោះមានរយៈពេល ៩ម៉ោង។

អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ៊ីយ៉ា សារៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយដោយទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ា ធីវី ថា នេះគឺជាលើកទី៥ហើយ ដែលយើងបានកំណត់គោលដៅវាយប្រហារលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចាប់តាំងពីការមកដល់របស់វានៅក្នុងដែនទឹកសមុទ្រក្រហម។ លោក សារៀ បន្តថា ប្រតិបត្តិការនេះបានសម្រេចគោលដៅដោយជោគជ័យ និងបានបង្ខំឱ្យនាវាផ្ទុកយន្តហោះចម្បាំអាមេរិកភៀសខ្លួនទៅកាន់ភាគខាងជើងឆ្ងាយនៃសមុទ្រក្រហម។

លោក សារៀ បន្ថែមថា ការវាយប្រហារនេះ មានគោលបំណងគាំទ្រជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ក៏ដូចជាឆ្លើយតបទៅនឹងការវាយប្រហារតាមដែនអាកាសចុងក្រោយរបស់អាមេរិក-អង់គ្លេស-អ៊ីស្រាអែល ទៅលើទីតាំងក្រុមហ៊ូទី នៅភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ក្រុមហ៊ូទីក៏បានប្តេជ្ញាផងដែរថា នឹងបន្តបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់ការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សាត្រូវបានបញ្ឈប់ទាំងស្រុង។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ក្រុមហ៊ូទីកំពុងធ្វើការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល ក៏ដូចជារំខានដល់ការដឹកជញ្ជូនទំនិញមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងដែនទឹកសមុទ្រក្រហម ដោយពួកគេបានអះអាងថា ចំណាត់ការនេះបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានជម្លោះដែលកំពុងបន្តជាមួយអ៊ីស្រាអែល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner