Tesla គ្រោងផលិតមនុស្សយន្ត Optimus ជាង ១០ម៉ឺនគ្រឿងនៅឆ្នាំ ២០២៦
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk មានផែនការផលិតមនុស្សយន្ត Optimus ក្នុងទ្រង់ទ្រាយធំ ពោលគឺកំពុងត្រៀមខ្លួនផលិតមនុស្សយន្តដល់ទៅរាប់ពាន់គ្រឿងនៅឆ្នាំ ២០២៥ ហើយនឹងជំរុញផលិតកើនដល់ ១០០,០០០គ្រឿងនៅឆ្នាំ ២០២៦។
យោងតាមប្រភពពីគេហទំព័រ Gurufocus បានឱ្យដឹងថា លោក Elon Musk បានចែករំលែកគោលដៅជំរុញកំណើនមនុស្សយន្តប្រកបដោយមហិច្ឆិតា ជាមួយនឹងការព្យាករណ៍ថា Tesla នឹងមានមនុស្សយន្ត Optimus ចន្លោះពី ៥០,០០០ ទៅ ១០០,០០០គ្រឿងនៅត្រឹមឆ្នាំ ២០២៦។

ចក្ខុវិស័យនាពេលអនាគតរបស់ក្រុមហ៊ុន Tesla គឺបង្កើនការផលិតមនុស្សយន្តឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាអ្វីដែលលោក Musk ផ្ទាល់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មានគោលបំណងជួយសម្រាលបន្ទុកការងាររបស់មនុស្ស មានដូចជាការលើកវត្ថុធ្ងន់ៗ, អនុវត្តការងារផលិត និងសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ ឬកន្លែងធ្វើការដែលមានសក្តានុពល។
ជាមួយនឹងជំហានដំបូងប្រឡូកទៅក្នុងវិស័យមនុស្សយន្ត ក្រុមហ៊ុន Tesla ចង់បោះជំហានទៅរកបដិវត្តន៍មួយ ក្នុងការបំពេញកង្វះកម្លាំងពលកម្ម និងបង្កើនផលិតភាពនៅក្នុងវិស័យឧស្សាហកម្មជាច្រើន។

យ៉ាងណាមិញ ការដាក់ពង្រាយមនុស្សយន្ត ត្រូវបានអ្នកវិភាគព្យាករថា នឹងអាចមានផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ខណៈដែល Tesla កំពុងឆ្ពោះទៅរកការកែទម្រង់មនុស្សយន្ត ជាមួយនឹងការបំពាក់បញ្ញាសិប្បនិម្មិត (AI) ហើយភាគីពាក់ព័ន្ធកំពុងតាមដានយ៉ាងដិតដល់អំពីរឿងនេះ
៕
ប្រភព ៖ Gurufocus ប្រែសម្រួល ៖ ឈឹម ទីណា
