ពលរដ្ឋបានចំណាយថវិកាធ្វើប្រហុករៀងរាល់ឆ្នាំ ពី ១០ម៉ឺន-២០ម៉ឺនរៀល រហូតអ្នកខ្លះដល់ខ្ទង់លានរៀលសម្រាប់ទុកបរិភោគ និង លក់ដូរ
(ភ្នំពេញ)៖ ត្រីប្រហុកនៅឆ្នាំនេះ មានតម្លៃចន្លោះ ៥០០រៀល ដល់ជាង ១០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមត្រីត្រូវតិច ឬ ច្រើន និង ពេលខ្លះទៅតាមតំបន់នីមួយៗរបស់អ្នកនេសាទ។ឆ្នាំនេះដែរពលរដ្ឋដែលមកធ្វើប្រហុកភាគច្រើនបានសម្តែងការរីករាយពីព្រោះថាត្រីសម្រាប់ធ្វើប្រហុកថោក ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពអាចធ្វើទុកបរិភោគ និងលក់បានច្រើន។
ចាប់ពីខែមិគសិរ ,បុស្ស រហូតដល់ខែផល្គុន ឬខែចេត្រផង ពលរដ្ឋខ្មែរតែងនាំគ្នាធ្វើដំណើរទៅកាន់ដងទន្លេ ដើម្បីនេសាទឬក៏ទិញត្រីធ្វើប្រហុក។ ក្រៅពីនេះនៅតាមបឹង ព្រែក ត្រពាំង ថ្លុក វាលស្រែ ក៏មានពលរដ្ឋដើរចាប់ត្រីធ្វើប្រហុកដើម្បីទុកបរិភោគដែលជាអាហារដូនតា ខ្វះមិនបាននេះដែរ។
រដ្ឋបាល ជលផល ប្រកាស ២ដង រួចមកហើយពី រដូវត្រីប្រហុកត្រូវឆ្នាំនេះគឺចាប់តាំងពី ជិតពាក់កណ្តាល ខែ ធ្នូ ឆ្នាំ ២០២៤ និង ជិតពាក់កណ្តាល ខែ មករា ឆ្នាំ ២០២៥។
ក្នុងពេលចុះមកធ្វើប្រហុកនៅតំបន់ស្រុកពញាឮ ខេត្តកណ្តាល លោក ចាប វ៉ានថា រស់នៅស្រុកអង្គស្នួលខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា ៖ ត្រីប្រហុកនាឆ្នាំនេះមានតម្លៃថោកសមរម្យធ្វើឱ្យលោកសប្បាយចិត្តណាស់។គ្រួសារលោកតែងមកធ្វើប្រហុករៀងរាល់ឆ្នាំមិនដែលខានដើម្បីទុកធ្វើជាគ្រឿងផ្សំ និងទុកបរិភោគក្នុងក្រុមគ្រួសារ ។
បុរសរូបនេះបានប្រាប់ថា៖ឆ្នាំនេះលោកចំណាយថវិការប្រមាណជាង ៤០ម៉ឺនរៀលសម្រាប់ធ្វើប្រហុក។ប្រហុកដែលលោកធ្វើខ្លួនឯងក្រៅពីមាន រស់ជាតិឈ្ងុយឆ្ងាញ់ហើយ វានៅជាប្រហុកល្អ មិនព្រួយបារម្ភមានសារជាតិគីមីដូចដែលទិញប្រហុកពីផ្សារផង។
លោក ឈុំ សៃ ដែលមកពី ខេត្ត កំពង់ស្ពឺ បានប្រាប់ថា៖ឆ្នាំនេះលោកធ្វើប្រហុកប្រមាណជាង ២០០ គីឡូក្រាមអស់ថវិការជាង១០ម៉ឺនរៀល។ការមកធ្វើប្រហុកឆ្នាំនេះលោកសប្បាយចិត្តដោយសារតម្លៃត្រីរៀល ដែលជាត្រីសម្រាប់ធ្វើប្រហុកថោក ហើយត្រីក៏ល្អៗថែមទៀត។
ក្នុងវ័យ៦៧ឆ្នាំ ដែលបានមកធ្វើប្រហុកជាមួយភរិយា លោក ឈុំ សៃ បានប្រាប់ដែរថា៖ពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅតាមស្រុកស្រែចំការកម្រមានផ្ទះណាមិនមានប្រហុកទុកក្នុងផ្ទះសម្រាប់ប្រើជាគ្រឿងផ្សំសម្លណាស់។ព្រោះប្រហុកគឺជាគ្រឿងផ្សំរបស់ដូនតា ហើយបានជាប់ចិត្តកូនខ្មែររាប់តំណមកហើយ។ផ្ទះណាខ្វះប្រហុក ដូចជាខ្វះអ្វីម្យ៉ាង ហើយសម្លប្រភេទខ្លះកាលណាមិនបានបង់ប្រហុកគឺមិនឆ្ងាញ់ទេពោលគឺដូចខ្វះគ្រឿង ខ្វះភាពឈ្ងុយឆ្ងាញ់ក្នុងនោះតែម្តង។
លោកយាយ ផាត ដែលបានមកធ្វើត្រីឆ្អើរ និងប្រហុកនៅ ស្រុក ពញាឮ ខេត្ត កណ្តាល នេះដែរបានឆ្លៀតប្រាប់ថា លោកយាយឆ្នាំនេះបានធ្វើប្រហុកអស់ថវិការជាង២៨ម៉ឺនរៀលទុកគ្រាន់បរិភោគសម្រាប់មួយឆ្នាំពេញ។នៅផ្ទះលោកយាយគឺប្រហុកបានក្លាយជារបស់ខ្វះមិនបាន។
ស្រ្តីវ័យចំណាស់រូបនេះបានប្រាប់ដែរថា៖ប្រហុកគឺជាអាហារសំខាន់នៅក្នុងផ្ទះបាយរបស់ខ្មែរយើងអស់កាលដ៏យូរលង់មកហើយ សម័យដើមឡើយគឺផ្ទះណាក៏មានប្រហុកទុកសម្រាប់ជាគ្រឿងផ្សំដែរ។ប្រហុកមានរស់ជាតិឆ្ងាញ់ណាស់សម្រាប់ជនជាតិខ្មែរយើង និងក្លិនវាក៏ត្រូវបានខ្មែរយើងជាប់ចិត្តស្ទើរគ្រប់ៗគ្នាផងដែរ។
លោកយាយបាននិយាយប្រាប់បន្ថែមថា៖ប្រហុកដែលមានត្រីជាគ្រឿងផ្សំចម្បងជាមួយអំបិល ត្រូវបានប្រើក្នុងមុខម្ហូបបានច្រើនមុខខ្លាំងណាស់ ហើយបានទាក់ទាញឱ្យភ្លក្សរសជាតិមិនថាជនជាតិខ្មែរទេ សូម្បីតែជនជាតិបរទេសខ្លះដែលបានភ្លក្សក៏ជាប់ចិត្តដូចគ្នាដែរ។
គួរបញ្ជាក់ថាដូនតារបស់គ្រួសារខ្មែរយើង កម្រ មាននរណាម្នាក់ខ្វះប្រហុកទុកក្នុងផ្ទះណាស់ព្រោះវាក្រៅពីធ្វើជាគ្រឿងផ្សំ ប្រហុកក៏អាចច្នៃចេញជាមុខម្ហូបដាច់ដោយឡែកតែឯង ដូចជាធ្វើប្រហុកដុត ប្រហុកឆៅ ប្រហុកខ្ទិះ ប្រហុក គ្រឿង ជាដើម។
ពលរដ្ឋខ្មែរធ្វើប្រហុក ពិសេសអ្នករបស់នៅទីតាមជនបទឆ្ងាយដាច់ស្រយាល មិនចំពោះ ប្រើប្រាស់ប្រហុក សម្រាប់តែបង់សម្លនោះមួយមុខទេ ពោលគឺពួកគាត់ ប្រើប្រហុកជាអាហារបម្រុងទុកដាក់ក្នុងផ្ទះ នៅពេលណាមួយខ្វះម្ហូបគាត់អាចប្រើដុត ឬចំហុយប្រហុកសម្រាប់ ហូបជាមួយបាយទំាងល្ងាចទំាងព្រឹកក្នុងក្រុមគ្រួសារតែម្តង៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត