សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធ អគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព នៅស្រុករំដួល ខេត្តស្វាយរៀង តម្លៃជាង ៧២ម៉ឺនដុល្លារ
(ខេត្តស្វាយរៀង)៖ រាជរដ្ឋាភិបាលក្នុងអណាត្តិទី៧ នេះ បានដាក់ចេញនូវគោលនយោបាយ និងការកែទម្រង់ជាច្រើន ដោយផ្ដោតនូវការពង្រឹងគុណភាពវិស័យអប់រំ ការបង្ខិតសាលារៀនឲ្យទៅដល់មូលដ្ឋាន ដើម្បីជួយកាត់បន្ថយពេលវេលា និងជួយសម្រួលដល់ការសិក្សា រួមជាមួយនឹងពង្រឹងគុណភាពសាលារដ្ឋនៅគ្រប់កម្រិតផងដែរ ។ ចំណែកឯ វិស័យសុខាភិបាល រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ លើការសម្រេចឲ្យបានគោលដៅអាទិភាពប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ជាពិសេស ការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺ «គ្មានជនណាម្នាក់ត្រូវគេទុកចោល ដោយមិនទទួលបានសេវាថែទាំសុខភាពឡើយ»។

នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក្នុងពិធីសម្ពោធ អគារសិក្សាអនុវិទ្យាល័យ ខ្វាន់ ស៊ាម សង្កែ និងអគារផ្នែកសម្ពព រោគស្ត្រី ទារក កុមារ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅ ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១២ ខែមករា ឆ្នាំ២០២៥។

សមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះរួមមាន ៖ អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើរនឹង ១០បន្ទប់ និងអគារទីចាត់ការ ២ខ្នង ស្មើនឹង ៨បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានចំណាយទឹកប្រាក់សាងសង់អស់ចំនួន ៥៦២.៧២០ដុល្លារ និង សំណង់អគារមន្ទីរពេទ្យ ១ខ្នង កម្ពស់ ២ជាន់ នៅក្នុងជំហ៊ានទី២នេះ ដែលរួមមាន អគារផ្នែកសម្ភព រោគស្ត្រី ទារក កុមារ និងវះកាត់ ដែលបានចំណាយការសាងសង់អស់ចំនួន ១៦៣.១៥៨ដុល្លារ សរុបថវិកាសាងសង់ស្មើនឹង ៧២៥.៨៧៨ដុល្លារ ៕
ដោយ ៖ ថេត វិចិត្រ


